បន្ទាប់ពីការបំផ្លិចបំផ្លាញនៃព្យុះសង្ឃរា ហេលេន (Helene) ដែលបានសម្លាប់មនុស្សជាង ២០០នាក់ នៅសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ ព្យុះថ្មីមួយបានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នោះគឺពាក្យចចាមអារ៉ាមមិនពិតជុំវិញមូលនិធិគ្រោះមហន្តរាយ ហើយថែមទាំងការអះអាងដ៏ផ្ដេសផ្ដាសដែលថាក្រុមមន្ត្រីជាអ្នកគ្រប់គ្រងអាកាសធាតុ។
ក្រុមមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ និងថ្នាក់ជាតិនិយាយថា ពួកគេកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងពាក្យចចាមអារ៉ាមទាំងនោះ រួមទាំងការផ្សព្វផ្សាយមិនពិតដោយបេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋ លោក Donald Trump លើមូលនិធិសង្រ្គោះក្រោយព្យុះ។ សមាជិកសភាមកពីបក្សសាធារណរដ្ឋ លោកស្រី ម៉ាហូរី ថេឡឺ ហ្គ្រីនេ (Marjorie Taylor Greene) បានបង្ហោះនៅយប់ថ្ងៃព្រហស្បតិ៍លើបណ្ដាញសង្គម X ថា “មន្រ្តីទាំងនោះអាចគ្រប់គ្រងអាកាសធាតុបាន”។
ពាក្យចចាមអារ៉ាមមួយក្នុងចំណោមការលើកឡើងដ៏ហួសហេតុទាំងនោះគឺថា ព្យុះ Helene គឺជាព្យុះដែលត្រូវបានគេបង្កើតឡើងដើម្បីឱ្យសាជីវកម្មទាញប្រយោជន៍ពីសារធាតុរ៉ែលីចូមក្នុងតំបន់។ អ្នកផ្សេងទៀតចោទប្រកាន់រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ថាបានប្រើប្រាស់មូលនិធិគ្រោះមហន្តរាយសហព័ន្ធដើម្បីជួយជនអន្តោប្រវេសន៍នៅក្នុងប្រទេសដោយខុសច្បាប់ ឬស្នើឱ្យមន្ត្រីមានចេតនាបោះចោលសាកសពអ្នកស្លាប់នៅក្នុងយុទ្ធការសម្អាត។
ពាក្យចចាមអារ៉ាម ឬហៅថាទ្រឹស្ដីឃុបឃិតគ្នានេះ កើតឡើងនៅក្នុងពេលវេលាដ៏សំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងស្តារឡើងវិញ ក្រោយការវាយប្រហារពីព្យុះសង្ឃរាដ៏កាចសាហាវបំផុតមួយរបស់អាមេរិកក្នុងសតវត្សរ៍នេះ និងក្នុងពេលដែលការបោះឆ្នោតប្រធានាធិបតីរវាងលោក Trump និងអនុប្រធានាធិបតី លោកស្រី Kamala Harris នៅសល់តែជាងមួយខែទៀតប៉ុណ្ណោះ។ សមាជិកបក្សសាធារណរដ្ឋ និងខាងបក្សប្រជាធិបតេយ្យជាច្រើននិយាយថា ពាក្យចចាមអារ៉ាមទាំងនោះកំពុងបង្កជាបញ្ហាដ៏ធំ៕


