លោក អេស អ៊ីស្វារ៉ាន (S Iswaran) អតីតរដ្ឋមន្ត្រីដឹកជញ្ជូនសិង្ហបុរី បានលើកឡើងនៅក្នុងអត្ថបទបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃចន្ទ (០៧ តុលា) នេះថា លោកនឹងមិនប្តឹងឧទ្ធរណ៍ចំពោះសាលក្រមមានទោសជាប់ពន្ធនាគាររយៈពេល ១២ខែរបស់ខ្លួនឡើយ បន្ទាប់ពីត្រូវបានកាត់ទោសពីបទល្មើសចំនួន ៥ករណី។

លោកបានសរសេរថា៖ “ខ្ញុំនឹងមិនប្តឹងឧទ្ធរណ៍ចំពោះសាលក្រមដែលតុលាការបានកាត់នោះទេ”។ លោកសង្កត់ធ្ងន់ថា នេះជារឿងសំខាន់ណាស់ដែលរដ្ឋអាជ្ញាបានកែប្រែបទចោទនៃអំពើពុករលួយស្រាលជាងមុនលើរូបលោក។ លោក Iswaran ក៏បានថ្លែងអំណរគុណ និងសូមអភ័យទោសពីប្រជាជនសិង្ហបុរីទាំងអស់ចំពោះកំហុសរបស់ខ្លួន។

អតីតរដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះ នឹងត្រូវប្រគល់ខ្លួននៅតុលាការរដ្ឋ នៅម៉ោង ៤រសៀលថ្ងៃចន្ទ ដើម្បីចាប់ផ្តើមការជាប់ពន្ធនាគាររបស់ខ្លួន។ គួររម្លឹកថា លោក Iswaran ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ពីបទទទួលបានអំណោយដែលមានតម្លៃជាង ៣០ម៉ឺនដុល្លារអាមេរិក ក្នុងរយៈពេលជាង ៧ឆ្នាំពីអ្នកជំនួញធំៗពីរនាក់ និងពីបទរារាំងយុត្តិធម៌។ ការចោទប្រកាន់ចំនួន ៣០ករណីផ្សេងទៀតកំពុងស្ថិតក្នុងការពិចារណា។
បុរសវ័យ ៦២ឆ្នាំរូបនេះ បានផ្ដល់ចម្លើយពីភាពមានទោស កាលពីថ្ងៃទី២៤ ខែកញ្ញា លើអ្វីដែលសន្មតថាជាថ្ងៃដំបូងនៃការកាត់ក្តីរបស់លោក បន្ទាប់ពីអយ្យការបានកែប្រែបទចោទប្រកាន់ពុករលួយចំនួនពីរទៅជាការចោទប្រកាន់តាមមាត្រា១៦៥ នៃក្រមព្រហ្មទណ្ឌ។ អតីតរដ្ឋមន្ត្រីរូបនេះនៅក្រៅឃុំក្នុងប្រាក់ធានាចំនួន ៨០០.០០០ដុល្លារសិង្ហបុរី៕