រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ ( Yoav Gallant) មិនបានច្រានចោលលទ្ធភាពនៃការវាយប្រហារលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះទេ។

លោកបានប្រាប់ទូរទស្សន៍ CNN ថា៖«អ្វីគ្រប់យ៉ាង គឺស្ថិតនៅលើការពិភាក្សា » ។ លោកបានសង្កត់ធ្ងន់ថា៖«អ៊ីស្រាអែលមានសមត្ថភាពវាយប្រហារគោលដៅជិត និងឆ្ងាយ គឺយើងបានបង្ហាញឲ្យឃើញហើយ។ យើងនឹងឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់យ៉ាងសមរម្យ។ យើងនឹងមិនចំាបាច់រង់ចំាជំនួយពីសហគមន៍អន្តរជាតិឡើយ។

យោងតាមទូរទស្សន៍ CNN សហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនប្រឆាំងនឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោក ហ្គាឡែនធ៍ បានចង្អុលបង្ហាញថា អ៊ីស្រាអែល កំពុងសម្របសម្រួលជាមួយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែនឹងធ្វើការសម្រេចចិត្តដោយខ្លួនឯងអំពីរបៀបឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់។
ប្រមុខការពារជាតិរូបនេះ ក៏បាននិយាយផងដែរថា ប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡានៅប្រទេសលីបង់ នៅមានកម្រិតនៅឡើយ។ លោកបានចង្អុលបង្ហាញថា កងកម្លាំងការពារ អ៊ីស្រាអែល (IDF) បាន«រុះរើផ្នែកសំខាន់នៃសមត្ថភាព»របស់ចលនានេះដែលបច្ចុប្បន្នប្រឈមនឹង«ការខ្វះថ្នាក់ដឹកនាំនិងការគ្រប់គ្រង»។
មុននេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Patrick Ryder បាននិយាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នឹងទទួលលោក ហ្គាឡែនធ៍ នៅមន្ទីរបញ្ចកោណនៅថ្ងៃទី ៩ ខែតុលានេះ។ បើតាមលោក ភាគីទាំងពីរ នឹងពិភាក្សាអំពីស្ថានភាពសន្តិសុខនៅមជ្ឈិមបូព៌ា។