បាល់ទាត់៖ សារព័ត៌មានកីឡាអេស្ប៉ាញមួយចំនួនបានចុះផ្សាយថា ក្លិបបាល់ទាត់ Barcelona កំពុងពិចារណាពីអនាគតរបស់អ្នកចាត់ការបច្ចុប្បន្នលោក Ronald Koeman ហើយបន្ទាប់ពីទំរង់ធ្លាក់ចុះចាប់ផ្តើមមិនបានល្អទាំងនៅ La Liga និង UEFA Champions League។

អតីតខ្សែបម្រើ Barcelona, Xavi Hernandez, អតីតអ្នកចាត់ការ Juventus លោក Andrea Pirlo និងអ្នកចាត់ការក្រុមជំរើសជាតិប៊ែលហ្ស៊ិកបច្ចុប្បន្នលោក Roberto Martinez សុទ្ធតែស្ថិតក្នុងបញ្ជីបេក្ខភាពដែលអាចបន្តតំណែងពីលោក Ronald Koeman។ លោក Ronald Koeman ត្រូវបានគេសន្និដ្ឋានតំណែងរបស់លោកនៅរឺក៏ទៅ បន្ទាប់ពីការប្រកួតជាមួយក្រុមការពារតំណែងជើងឯក Atletico Madrid នៅទីក្រុងម៉ាឌ្រីតចុងសប្តាហ៍នេះ។
Barcelona បានរងបរាជ័យយ៉ាងអាម៉ាស ២ប្រកួតជាប់គ្នានៅ Champions League ដែលរួមមានចាញ់ Bayern Munich ក្នុងដីខ្លួនឯង ៣-០ និងទើបចាញ់ Benifca ៣-០ នៅទឹកដីព័រទុយហ្កាល់ ប្រឈមធ្លាក់ត្រឹមវគ្គវិលជុំក្នុងពូលជាលើកដំបូងតាំងពីឆ្នាំ២០០១។ Benfica ជាក្រុមដែល Barcelona លេងមិនដែលចាញ់សោះតាំងពីឆ្នាំ១៩៦១។ ចំណែកនៅ La Liga ឯណោះវិញថ្វីបើមិនទាន់ចាញ់ Barcelona កំពុងឈរលេខ៦ ក្នុងតារាងក្រោយលេងបាន ៦ប្រកួតឈ្នះ៣ ស្មើ៣៕
អត្ថបទ៖នាង សុភាវុធ