នគរបាលប្រទេសហៃទី និងកេនយ៉ា បានអនុវត្តប្រតិបត្តិការសន្តិសុខ នៅក្នុងទីក្រុង ប៉ុន សុនដេ(Pont Sonde) ជាទីក្រុងមួយស្ថិតក្នុងតំបន់កសិកម្មនៅប្រទេសហៃទីភាគខាងលិច បន្ទាប់ពីការសម្លាប់រង្គាលដ៏បង្ហូរឈាមធ្វើឡើងដោយក្រុមជនអន្ធពាល Grand Grif ដែលបានបណ្តាលឲ្យមនុស្សប្រមាណ៧០នាក់បានស្លាប់។

មន្ត្រីដែលឈរជើងនៅប៉ុស្តិ៍នគរបាលទីក្រុង Pont Sonde បាននិងកំពុងសម្របសម្រួលសម្រាប់ប្រតិបត្តិការ និងត្រួតពិនិត្យស្ថានភាពសន្តិសុខនៅក្នុងតំបន់ ដើម្បីស្តារសណ្តាប់ធ្នាប់ និងប្រយុទ្ធប្រឆាំងអំពើហិង្សារបស់ក្រុមជនអន្ធពាល។

ខណៈកិច្ចខិតខំប្រឹងប្រែងទាំងនេះមានសន្ទុះខ្លាំង ជីវិតរស់នៅក្នុងទីក្រុង Pont Sonde កំពុងមានភាពប្រក្រតីឡើងវិញជាបណ្តើរៗ។
ទោះជាយ៉ាងណា ស្ថានភាពនៅតែតានតឹង ដោយអ្នកស្រុកមានការភ័យខ្លាចចំពោះការវាយប្រហារដែលអាចកើតមាន។
ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ បាននិយាយថា សមាជិកក្រុមជន្ធពាលដែលប្រដាប់ដោយអាវុធស្វ័យប្រវត្តិ បានសម្រុកចូលនៅទូទាំងទីក្រុង Pont Sonde កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍កន្លងទៅនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៧០នាក់ និងបង្ខំមនុស្សចំនួន ៦.២៧០នាក់ ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ដោយសារតែការវាយប្រហារដ៏បង្ហូរឈាមនេះ។