អ្នកវិទ្យាសាស្ត្រអាមេរិកពីរូប គឺលោក វីកទ័រ អាមប្រូស (Victor Ambros) និងលោក ហ្ការី រូឃុន (Gary Ruvkun) បានឈ្នះរង្វាន់ណូបែលផ្នែកសរីរវិទ្យា ឬហៅថាផ្នែកវេជ្ជសាស្រ្ត ឆ្នាំ២០២៤ កាលពីថ្ងៃចន្ទ (០៧ តុលា) សម្រាប់ការរកឃើញមូលេគុល មីក្រូRNA (microRNA) និងតួនាទីសំខាន់របស់វាក្នុងការលូតលាស់ និងរស់រានរបស់សារពាង្គកាយពហុកោសិកា ។

ការងាររបស់អ្នកវិទ្យាសាស្ត្រទាំងពីររូបនេះ បានជួយពន្យល់ពីរបៀបដែលកោសិកាបង្កើតមុខងារពិសេស និងអភិវឌ្ឍទៅជាប្រភេទផ្សេងៗគ្នា ដូចជាកោសិកាសាច់ដុំ និងសរសៃប្រសាទជាដើម បើទោះបីជាកោសិកាទាំងអស់នៅក្នុងខ្លួនមនុស្សម្នាក់ៗមានសំណុំហ្សែន និងមុខងារសម្រាប់ការលូតលាស់ រួមទាំងការរស់រានដូចគ្នាក៏ដោយ។

សភាណូបែល (The Nobel Assembly) ដែលជាស្ថាប័នផ្តល់ពានរង្វាន់នោះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកឈ្នះរង្វាន់ទាំងពីររូបបានរកឃើញប្រភេទថ្មីនៃម៉ូលេគុល RNA តូចៗ ដែលដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងហ្សែន។ លោកវេជ្ជបណ្ឌិត Ambros វ័យ ៧០ឆ្នាំ បានពណ៌នា មីក្រូRNA នោះថាជា “បណ្តាញទំនាក់ទំនងក្នុងចំណោមហ្សែនដែលអាចឱ្យកោសិកានៅក្នុងខ្លួនរបស់មនុស្សបង្កើតរចនាសម្ព័ន្ធ និងមុខងារដ៏ស្មុគស្មាញគ្រប់ប្រភេទ”។

លោកជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ ម៉ាសាជូសេត (Massachusetts) ចំណែកអ្នកឈ្នះពានរង្វាន់ណូបែលមួយរូបទៀតគឺលោកវេជ្ជបណ្ឌិត Ruvkun វ័យ ៧២ឆ្នាំ ជាសាស្រ្តាចារ្យនៅសាលាវេជ្ជសាស្ត្រ ហាវើដ (Harvard) ហើយក៏មានទំនាក់ទំនងជាមួយមន្ទីរពេទ្យរដ្ឋ Massachusetts ក្នុងទីក្រុង បូស្តុន (Boston) ផងដែរ៕