ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូខាងមុខនេះ នៅក្នុងបុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ដោយគ្រោងរៀបចំឡើងចំនួនពី ២៥០ ដល់ ៣០០ស្តង់។
ក្រសួងពាណិជ្ជកម្ម នៅក្រោយចប់កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «អត្ថប្រយោជន៍ពីការចូលរួមពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» នៅថ្ងៃទី៧ ខែតុលានេះ បានឲ្យដឹងថា ក្នុងចំណោមស្តង់ចំនួនប្រមាណ៣០០នេះ រួមមានស្តង់រួមរបស់ក្រសួងពាណិជ្ជកម្ម ស្តង់របស់មន្ទីររាជធានី-ខេត្ត ស្តង់របស់ស្ថានទូតបណ្តាប្រទេសនានា។ ស្តង់របស់សមាគម-សហព័ន្ធ និងស្តង់របស់ក្រុមហ៊ុនវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក។
ប្រភពដដែល បានឲ្យដឹងទៀតថា ក្នុងព្រឹត្តការណ៍នេះដែរ ក៏នឹងមានរៀបចំកម្មវិធី និងព្រឹត្តិការណ៍អមមួយចំនួនផងដែរ មានដូចជា៖ វេទិកាពាណិជ្ជកម្មឌីជីថល វេទិកាកិច្ចសហប្រតិបត្តិការឧស្សាហកម្មកម្ពុជា-កូរ៉េ ការធ្វើបទបង្ហាញស្តីពីការត្រៀមខ្លួនសម្រាប់ការនាំចេញ និងការតាំងបង្ហាញផលិតផលឧស្សាហកម្ម ពិធីប្រគល់ពានរង្វាន់ពាណិជ្ជកម្មអេឡិចត្រូនិច និងការប្រគុំតន្រ្តីជាដើម។
សូមបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «អត្ថប្រយោជន៍ពីការចូលរួមពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» ដឹកនាំដោយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម រួមទាំងលោក-លោកស្រីជាប្រធានសមាគម-សហព័ន្ធ និងលោក-លោកស្រីជាប្រធានក្រុមហ៊ុន/សហគ្រាសវិស័យឯកជនជាច្រើនរូបផងដែរ៕



