យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើងបានបង្ហោះបាឡុងផ្ទុកសំរាមឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃអង្គារ (ទី៨ ខែតុលា) ដែលជាថ្ងៃទី២ ជាប់ៗគ្នានៃការបង្កហេតុបែបនេះ។
អគ្គសេនាធិការចម្រុះ (JCS) បានលើកឡើងពីលទ្ធភាពនៃបាឡុងដែលហោះរសាត់អណ្ដែតទៅភាគខាងជើងខេត្ត Gyeonggi និងតំបន់ផ្សេងទៀតនៃទីក្រុងសេអ៊ូល ដោយណែនាំពលរដ្ឋកុំឲ្យប៉ះពាល់បាឡុងទាំងនេះ ហើយត្រូវប្រុងប្រយ័ត្នពីការធ្លាក់របស់វា។
ចាប់តាំងពីចុងខែឧសភាមក កូរ៉េខាងជើងបានបញ្ជូនបាឡុងជាង ៥.០០០បាឡុង ឆ្លងព្រំដែនចូលកូរ៉េខាងត្បូង។ ហើយនៅក្នុងការបង្ហោះ កាលពីថ្ងៃចន្ទ (ទី៧ ខែតុលា) កូរ៉េខាងជើងបានបញ្ជូនបាឡុងចំនួន ១២០ ដែលផ្ទុកពេញដោយសំរាម។
យោធាកូរ៉េខាងត្បូងបានប្តេជ្ញាចាត់វិធានការយោធា «តឹងរ៉ឹង» ប្រសិនបើយុទ្ធនាការបញ្ជូនសំរាមដែលកំពុងបន្តមានរបស់កូរ៉េខាងជើង «ឆ្លងហួសពីព្រំដែនកំណត់» ឬបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាជនកូរ៉េខាងត្បូង។ តែទោះបីជាយ៉ាងណាក្ដី យោធាបានបញ្ជាក់បន្ថែមថា ខ្លួនបានព្យាយាមអត់ធ្មត់មិនបាញ់ទម្លាក់បាឡុងទាំងនោះដោយផ្ទាល់ឡើយ ដោយសារតែបារម្ភពីសុវត្ថិភាព៕