ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev បានកោតសរសើរទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ២ស្របពេលដែលពួកគេ បានជួបគ្នាក្នុងទីក្រុងម៉ូស្គូនាថ្ងៃអង្គារនេះ នៅក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេស CIS ។
លោក Putin និយាយថា ពួកយើងសប្បាយរីករាយខ្លាំងណាស់កាលដែលពួកយើងមានឱកាសផ្លាស់ប្តូរព័ត៌មានលើការងារបច្ចុប្បន្ន នៅក្រៅកិច្ចប្រជុំរបស់ប្រមុខរដ្ឋក្រុមប្រទេស CIS ។
គេរំពឹងទុកថានៅថ្ងៃអង្គារនេះដែរ លោក Putin នឹងជួបជាមួយប្រមុខរដ្ឋជាច្រើនរូបរបស់ក្រុមប្រទេស CIS រួមទាំងនាយករដ្ឋមន្រ្តីអាមេនីលោក Nikol Pashinyan ។
អាស៊ែបៃហ្សង់ និងអាមេនី បានចូលរួមកិច្ចប្រជុំសន្តិភាព អស់រយៈពេល ១ឆ្នាំមកហើយ ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២៣ ពេលដែលអាស៊ែបៃហ្សង់ដណ្តើមយកមកវិញអតីតតំបន់បំបែកខ្លួន Nagorno-Karabakh ក្រោយរយៈពេល ៣០ឆ្នាំនៃឯករាជ្យតាមព្រឹត្តន័យ បង្ខំឲ្យជនជាតិភាគតិចអាមេនីប្រហែល ១០ម៉ឺននាក់ រត់ភៀសខ្លួនទៅកាន់ប្រទេសអាមេនី ៕