លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការដើម្បីត្រៀមការពារសណ្តាប់ធ្នាប់ និងរក្សាសុវត្ថិភាពកម្មវិធីធំៗមួយចំនួននាពេលខាងមុខនេះ ដោយក្នុងនោះព្រះរាជពិធីអបអរសាទរខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងពិធីប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចធិបតី»ជាដើម។

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានត្រៀមកម្លាំងរួចជាស្រេច ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ចំពោះកម្មពិធីប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចធិបតី» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះនៅពហុកីឡដ្ឋានជាតិ អូឡាំពិក។ ពិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល បណ្ដាអង្គទូតនៃប្រទេសជាមិត្ត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ។

កងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏បាន ត្រៀមកម្លាំងរួចរាល់ផងដែរ ដើម្បីថែរក្សា ការពារនូវ សន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ព្រះរាជពិធីអបអរសាទរខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងប្រព្រឹត្តិទៅពីថ្ងៃទី២៨-៣០ ខែតុលា ឆ្នាំ២០២៤ នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ និងនៅសួនមុខព្រះបរមរាជវាំង ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិ១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ព្រះរាជពិធីនេះនឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងមានការយាង និងអញ្ជើញចូលរួមពីព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល បណ្ដាអង្គទូតនៃប្រទេសជាមិត្ត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ។

នៅក្នុងកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ស សំបូរធន ក៏បានឲ្យដឹងផងដែរថា កងរាជអាវុធហត្ថដែលជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទ ក៏បានបញ្ជូនកម្លាំងចំនួន ៣ផែនស្មើនឹង៣៣០នាក់ ដើម្បីចូលរួមឈរផែននៅមុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីអបអរសាទរខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះផងដែរ៕ អត្ថបទ៖ បាន ចក់



