ហ្វីលីពីន បានចោទប្រកាន់ឆ្មាំល្បាតឆ្នេររបស់ចិន កាលពីថ្ងៃអង្គារ (០៨ តុលា) ថាបានប្រើកាណុងបាញ់ទឹកដាក់លើនាវារដ្ឋាភិបាល ដែលកំពុងដឹកញ្ជូនការផ្គត់ផ្គង់ដល់អ្នកនេសាទនៅឯដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែទីក្រុងប៉េកាំង បានចោទបកទៅវិញថា ខ្លួនបានចាត់ “វិធានការប្រុងប្រយ័ត្ន” ប៉ុណ្ណោះ បន្ទាប់ពីមានការឈ្លានពានពីនាវាហ្វីលីពីន ចូលក្នុងដែនទឹករបស់ខ្លួន។

ការប៉ះទង្គិចនេះ ជាភាពតានតឹងចុងក្រោយបំផុតរវាងប្រទេសទាំងពីរទាក់ទងនឹងថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) ដែលជាកន្លែងនេសាទនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ដែលចិន អះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួន។ ឆ្មាំល្បាតឆ្នេរចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាហ្វីលីពីន ២គ្រឿង “បានចូលលុកលុយក្នុងដែនទឹក” នៅជិតតំបន់ ស្កាបូរ៉ូ ស្ហូល ដែលជំរុញឱ្យភាគីចិន ចាត់ “វិធានការប្រុងប្រយ័ត្នជាមុន”។

ការិយាល័យជលផលហ្វីលីពីនបាននិយាយថា នាវារបស់ខ្លួនកំពុងបំពេញបេសកកម្មជាប្រចាំដើម្បីផ្គត់ផ្គង់អ្នកនេសាទឡើងវិញ នៅពេលនាវាឆ្មាំល្បាតឆ្នេរចិន (CCG) ចំនួន៣គ្រឿង និងនាវាកងទ័ពជើងទឹកមួយគ្រឿងរបស់កងទ័ពរំដោះប្រជាជនចិន បានចូលទៅក្នុងចម្ងាយដ៏ជិត ហើយឃ្លាំមើលសកម្មភាពរបស់នាវាទីក្រុងម៉ានីល។
ថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល ដែលត្រូវបានគេដាក់ឈ្មោះតាមនាវារបស់អង់គ្លេសដែលឈរជើងលើដែនសមុទ្រនោះជិត ៣សតវត្សរ៍មុន គឺជាដែនទឹកដ៏ប្រកួតប្រជែងបំផុតរបស់អាស៊ី និងជាចំណុចដ៏ក្ដៅគគុកនៃជម្លោះការទូតជុំវិញអធិបតេយ្យភាព និងសិទ្ធិនេសាទ៕