ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃពុធ (០៩ តុលា) នេះថា អង្គភាពការពារដែនអាកាសរបស់ទីក្រុងមូស្គូ បានកម្ទេចយានដ្រូនរបស់អ៊ុយក្រែន ចំនួន ៤៧គ្រឿង ដែលបាញ់តម្រង់ទៅតំបន់ភាគខាងលិចរបស់រុស្ស៊ី ខណៈមន្ត្រីក្នុងតំបន់ និយាយថា ការវាយប្រហារនោះមិនបណ្តាលឱ្យមានអ្នករងរបួសទេ។

ក្រសួងបាននិយាយនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា យានដ្រូនប្រហែល ២៤គ្រឿង ត្រូវបានបាញ់ទម្លាក់ពីលើតំបន់ព្រំដែនភាគនិរតីនៃទីក្រុង ព្រីយ៉ាន (Bryansk) ហើយយានដ្រូនផ្សេងទៀតត្រូវបានបំផ្លាញលើតំបន់ បែលហ្គោរ៉ូដ (Belgorod), ឃើស (Kursk), រ៉ូសថូវ (Rostov) និង ក្រាស្នូដា (Krasnodar) និងដែនទឹកនៃសមុទ្រ អាហ្សូវ (Azov)។

អភិបាលតំបន់លោក វ៉ាស៊ីលី ហ្កូលូបេវ (Vasily Golubev) បានបង្ហោះនៅលើបណ្ដាញតេលេក្រាមថា អគ្គិភ័យដែលឆាបឆេះដោយសារកម្ទេចយានដ្រូនដែលធ្លាក់នៅទីតាំងមិនទាន់មានការអភិវឌ្ឍមួយនៅភាគខាងត្បូងតំបន់ Rostov ជាប់ព្រំដែនអ៊ុយក្រែន ត្រូវបានពន្លត់ភ្លាមៗ ដោយបន្ថែមថាពុំមានការខូចខាតផ្សេងទៀតទេ។

ប្រមុខតំបន់ Bryansk លោក អាឡេកសាដឺ បូហ្កូម៉ាស (Aleksander Bogomaz) បាននិយាយថា សេវាសង្គ្រោះបន្ទាន់កំពុងធ្វើការនៅកន្លែងដែលកម្ទេចកម្ទីបានធ្លាក់ចុះ ដោយមិនបានលើកឡើងពីការខូចខាតឡើយ។ មិនមានការអត្ថាធិប្បាយភ្លាមៗពីអ៊ុយក្រែនទេ។ សូមបញ្ជាក់ថា មន្ត្រីរុស្ស៊ី កម្របង្ហាញពីទំហំពេញលេញនៃការខូចខាត ពីការវាយប្រហាររបស់អ៊ុយក្រែណាស់៕