ពលរដ្ឋកាត់សាសន៍លីបង់-ទួរគី បានជួបជុំគ្នានៅកំពង់ផែទីក្រុង Beirut នាថ្ងៃពុធនេះ រង់ចាំការជម្លៀសតាមនាវាកងទ័ពជើងទឹកទួរគី ។
ស្ថានភាពតានតឹងឡើងកម្តៅ ការលំបាកផ្នែកសេដ្ឋកិច្ច និងស្ថានភាពកាន់តែធ្ងន់ធ្ងរទៅ បានធ្វើឲ្យពលរដ្ឋកាត់សាសន៍លីបង់-ទួរគី គ្មានជម្រើស ប៉ុន្តែពួកគេត្រូវតែចាកចេញ និងទុកចោលទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីស្វែងរកសុវត្ថិភាព ដោយធ្វើដំណើរកាត់តាមសមុទ្រ ។
លោក Issa Malak គឺជាពលរដ្ឋកាត់សាសន៍លីបង់-ទួរគី និយាយថា ពួកយើងកំពុងរង់ចាំនាវាទួរគី សម្រាប់ការជម្លៀសខ្លួន ពួកយើងលែងអាចទទួលយកស្ថានភាពបែបនេះតទៅទៀតបានហើយ ។
លោកបន្តថា គ្មាននរណាដឹងថា កន្លែងណាដែលប្រទេសមួយនេះ នាំពួកយើងទៅនោះទេ លែងមាននំបុ័ងទៀតហើយនៅទីនេះ លែងមានអនាគតទៀតហើយនៅក្នុងប្រទេសលីបង់ ។
ឯកអគ្គរដ្ឋទូតទួរគីប្រចាំនៅប្រទេសលីបង់លោក Ali Baris Ulusoy បានបញ្ជាក់ថា នាវាកងទ័ពជើងទឹកទួរគី ២គ្រឿង សម្របសម្រួលដោយក្រសួងការបរទេសទួរគី នឹងដឹកពលរដ្ឋ ២ពាន់នាក់ ទៅកាន់ទីក្រុង Mersin ប្រទេសទួរគី ។
យោងតាមប្រភពព័ត៌មានពីក្រសួងការបរទេសទួរគី បានឲ្យដឹងថា ពលរដ្ឋទួរគីប្រហែល ២.៥០០នាក់ បានដាក់ពាក្យសុំជម្លៀសខ្លួនចេញពីប្រទេសលីបង់ ប៉ុន្តែក្រោយពីការត្រួតពិនិត្យ ចំណុះនាវាអាចផ្ទុកមនុស្សបានតែ ២ពាន់នាក់ប៉ុណ្ណោះ ៕


