កិច្ចប្រជុំដ៏សំខាន់នៅប្រទេសអាល្លឺម៉ង់ជាមួយសម្ព័ន្ធមិត្តជាង ៥០ ប្រទេសដែលនឹងផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែន ត្រូវបានពន្យារពេលបន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានលុបចោលការចូលរួមរបស់លោកដើម្បីដោះស្រាយគ្រោះមហន្តរាយធម្មជាតិព្យុះសង្ឃរា Milton ។

លោក Biden បាននិយាយថា ខ្ញុំគ្រាន់តែគិតថា ខ្ញុំមិនអាចនៅក្រៅប្រទេសនៅពេលនេះបានទេ។
យោងតាមសារព័ត៌មានReutersឲ្យដឹងថា Ramstein Group គឺជាសម្ព័ន្ធមិត្តគាំទ្រអ៊ុយក្រែនដែលមានប្រទេសចំនួន ៥៧រួមទាំងសមាជិកណាតូទាំងអស់។ កិច្ចប្រជុំរបស់ក្រុមនេះ ត្រូវបានគេស្គាល់ថាជាក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ត្រូវបានកំណត់ថាជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតរហូតមកដល់ពេលនេះដែលមានការចូលរួមដោយបណ្ដាមេដឹកនាំប្រទេសសមាជិករបស់ខ្លួនជាលើកដំបូង ។

គម្រោងដំណើរទស្សនកិច្ចរបស់លោក Biden ទៅកាន់ប្រទេសអាល្លឺម៉ង់ដែលបានកំណត់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែតុលា នឹងជាដំណើរទស្សនកិច្ចផ្លូវរដ្ឋដំបូងរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលជិត៤០ឆ្នាំ។

កិច្ចប្រជុំនេះត្រូវបានគ្រោងធ្វើនៅថ្ងៃទី ១២ ខែតុលា ហើយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky គ្រោងបង្ហាញ"ផែនការជ័យជម្នះ" របស់លោកទៅកាន់មេដឹកនាំពិភពលោកផ្សេងទៀត និងពិភាក្សាអំពីរបៀបដែលលោកជឿថាអ៊ុយក្រែនអាចបញ្ចប់សង្រ្គាមបាន។

លោក Biden មានបំណងទៅប្រទេសអាល្លឺម៉ង់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សម្រាប់ដំណើររយៈពេលបីថ្ងៃ មុនទៅប្រទេសអង់ហ្គោឡា ៕