រាប់ចាប់ពីការសាកស្បងបាញ់មីស៊ីលចម្ងាយជាង ១.០០០គីឡូម៉ែត្រពីទីតាំងបាញ់បង្ហោះ ដល់ការប្រើប្រាស់មូលដ្ឋានដាច់ស្រយាល និងផ្កាយរណបដើម្បីតាមដានមីស៊ីលពីកោះ ហៃណាន (Hainan) ទៅសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ការធ្វើតេស្តមីស៊ីលបាលិស្ទិកអន្តរទ្វីប ICBM កាលខែកញ្ញា របស់ប្រទេសចិន ឆ្លុះបញ្ចាំងពីតម្រូវការចាំបាច់ក្នុងយោធារបស់ខ្លួន។

អ្នកវិភាគសន្តិសុខ ៦រូប និងអ្នកការទូត ៤រូប ដែលវាយតម្លៃការបាញ់បង្ហោះកាលពីថ្ងៃទី២៥ ខែកញ្ញា នោះបាននិយាយថា ទោះបីជាការសាកល្បងដ៏កម្រនេះបានអនុវត្តការផ្ញើសារនយោបាយស្របពេលមានការបង្កើនឃ្លាំងអាវុធអាវុធនុយក្លេអ៊ែររបស់ចិនក្ដី ក៏សកម្មភាពនោះបានបំពេញនូវតម្រូវការជាយូរមកហើយសម្រាប់កងកម្លាំងរ៉ូកែតរបស់កងទ័ពរំដោះប្រជាជនចិន ដើម្បីធានាថាការរារាំងនុយក្លេអ៊ែររបស់ខ្លួនបានដំណើរការដូចដែលបានផ្សព្វផ្សាយ។

ការទូតជាយុទ្ធសាស្ត្រក៏ជាផ្នែកនៃលំហាត់សមនេះផងដែរ ដោយទីក្រុងប៉េកាំង បានជូនដំណឹងដល់សហរដ្ឋអាមេរិក បារាំង និងនូវែលសេឡង់ មុនការបាញ់បង្ហោះ ប៉ុន្តែអ្នកវិភាគមួយចំនួនបានព្រមានថា នឹងត្រូវការការសាកល្បងមីស៊ីលបែបនេះបន្ថែមទៀត ប្រសិនបើចិន កំពុងចង់តាមទាន់គូប្រជែង។

មន្ទីរបញ្ចកោណ បានឱ្យដឹងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កងកម្លាំងរ៉ូកែតរបស់ចិន បានធ្វើតេស្តយ៉ាងទូលំទូលាយដោយបានបាញ់បង្ហោះមីស៊ីលបាលិស្ទិកប្រហែល ១៣៥គ្រាប់ក្នុងឆ្នាំ២០២១ ដែលភាគច្រើនបាញ់ចូលទៅក្នុងតំបន់វាលខ្សាច់ដាច់ស្រយាលរបស់ចិន។ ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៨០ មក ចិនមិនដែលបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយបំផុតរបស់ខ្លួនបែបនេះលើគន្លងការវាយប្រហារជាក់ស្តែង ស្រដៀងទៅនឹងការសាកល្បងដែលធ្វើឡើងជាប្រចាំដោយសហរដ្ឋអាមេរិក រុស្ស៊ី និងឥណ្ឌាឡើយ៕