អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អាជ្ញាធរប្រទេសអ៊ីស្រាអែលជាថ្មីម្តងទៀតបានបញ្ជាឱ្យមនុស្សជាង៤០០.០០០នាក់ដែលរស់នៅភាគខាងជើងតំបន់ Wadi Gaza នៃតំបន់ហ្កាហ្សា ឱ្យឲ្យភៀសខ្លួនទៅភាគខាងត្បូង ខណៈពេលនេះកំពុងរឹតត្បិតដំណើរការចូល និងកំពុងពង្រីកប្រតិបត្តិការយោធា នៅភាគខាងជើង។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ខ្លួននៅតែបន្តព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពនៅតំបន់ភាគខាងជើងនៃតំបន់ហ្កាហ្សា។

ការិយាល័យ និយាយថា ចំណុចឆ្លងកាត់ចូលទៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង នៅតែបិទ រួមមានទាំងការផ្គត់ផ្គង់ជំនួយមនុស្សធម៌ និងពាណិជ្ជកម្ម ហើយប៉ុស្តិ៍ត្រួតពិនិត្យនៅខាងក្នុងតំបន់ហ្កាហ្សាគឺអនុញ្ញាតឱ្យតែជនស៊ីវិលភៀសខ្លួនទៅភាគខាងត្បូង និងអនុញ្ញាតឱ្យមានលំហូរសកម្មភាពមនុស្សធម៌ចូលទៅភាគខាងជើងតែប៉ុណ្ណោះ។
អង្គការ OCHA បានព្រមានថាការវិវឌ្ឍន៍ទាំងនេះកំពុងបង្ខំឱ្យសេវាសំខាន់ៗសម្រាប់ការរស់រានមានជីវិតរបស់ប្រជាជន ត្រូវបិទជបណ្តើរៗ។ យោងតាមទីភ្នាក់ងារ UNRWA ជាទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ពលរដ្ឋប៉ាឡេស្ទីនបានឲ្យដឹងថា សាលារៀនចំនួន៧កន្លែង ដែលផ្តល់ទីជម្រកដល់ជនភៀសខ្លួនកំពុងត្រូវបានឲ្យប្រជាជនជម្លៀសចេញ។
ការិយាល័យ បាននិយាយថា «នៅភាគខាងជើង កំពុងប្រឈមកង្វះនំប៉័ង និងស្បៀងអាហារធ្ងន់ធ្ងរ»។ គ្រាប់រំសេវផ្ទុះ បានឆេះបំផ្លាញហាងនំប៉័ង ដែលឧបត្ថមដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅក្នុងជំរំជនភៀសខ្លួន Jabalya ។
អង្គការOCHA និងអង្គការសុខភាពពិភពលោក បានព្យាយាមទៅដល់ភាគខាងជើងតំបន់ហ្កាហ្សាកាលពីថ្ងៃពុធ ដើម្បីជួយដល់មន្ទីរពេទ្យ Kamal Adwan បន្ទាប់ពីអាជ្ញាធរអ៊ីស្រាអែល បានបញ្ជាឱ្យមានការជម្លៀសមនុស្សជាបន្ទាន់។