អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Vershinin បានប្រាប់បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសយេម៉ែនថា ការវាយប្រហាររបស់កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ទៅលើប្រទេសយេម៉ែន បានបំពានច្បាប់អន្តរជាតិ។
ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំរវាងលោក Vershinin និង លោក Grundberg ថា ពួកគេ បានពិភាក្សាអំពីវិធី ដើម្បីជំរុញដំណើរការនយោបាយនៅក្នុងប្រទេសយេម៉ែន «ទោះបីជាមានអស្ថិរភាពដែលកំពុងកើនឡើង នៅមជ្ឈិមបូព៌ាក៏ដោយ»។
សេចក្តីថ្លែងការណ៍ បានលើកឡើងថា៖«ភាគីទាំងអស់ បានយកចិត្តទុកដាក់ចំពោះសុវត្ថិភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ។ ប្រទេសរុស្ស៊ី បានចង្អុលបង្ហាញថា ការវាយប្រហារលើប្រទេសយេម៉ែនដោយក្រុមចម្រុះអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដែលសកម្មនៅក្នុងសមុទ្រក្រហម បំពានច្បាប់អន្តរជាតិ និងពន្យារពេលសន្តិភាព នៅក្នុងប្រទេសយេម៉ែន»។
លោក Vershinin និង Grundberg បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដ៏ខ្លាំងក្លា ដើម្បីកែលម្អ «ស្ថានភាពមនុស្សធម៌ដែលកាន់តែអាក្រក់ នៅក្នុងប្រទេសនេះ» និងបន្តការងារលើផែនទីបង្ហាញផ្លូវ ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិក្នុងស្រុកនៃប្រទេសយេម៉ែន។
ក្រសួងការបរទេសរុស្ស៊ី បានកត់សម្គាល់ថា៖«ភាគីនានា បានបញ្ជាក់ជាថ្មីថា គ្មានជម្រើសណាមួយក្នុងការដោះស្រាយជម្លោះក្នុងស្រុកនៃប្រទេសយេម៉ែន តាមរយៈមធ្យោបាយនយោបាយ និងការទូតនោះទេ ដោយធានាថា ផលប្រយោជន៍នៃកម្លាំងនយោបាយឈានមុខគេ ត្រូវបានយកមកពិចារណា»។