ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានជម្លៀសអ្នកស្រុកចេញពីតំបន់ Essonne ជិតទីក្រុងប៉ារីស ចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍ រហូតដល់ព្រឹកថ្ងៃសុក្រ ស្របពេលដែលព្យុះសង្ឃរា Kirk វាយប្រហារតំបន់ភាគខាងលិចអឺរ៉ុប និងបង្កការជន់លិចនៅតំបន់ជាច្រើនរបស់ប្រទេសបារាំង ។
សេវាកម្មឧតុនិយមបារាំង បានរាយការណ៍ថា តំបន់ជិតខាង Seine-et-Marne និងតំបន់ Eure-et-Loir បានរងការជន់លិចផងដែរកាលពីយប់កន្លងទៅ ។ តំបន់ទាំង ២នេះ ស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់កម្រិតពណ៌ក្រហម សម្រាប់ទឹកជំនន់ ហើយកម្រិតទឹកជំនន់ ត្រូវបានគរំពឹងឡើងខ្ពស់បំផុតនៅថ្ងៃសុក្រនេះ ។
ក្រុមអាជ្ញាធរបារាំង បានព្រមានសាធារណជនពីហានិភ័យខ្ពស់បង្កឡើងដោយសារទឹកជំនន់ នៅតាមតំបន់ជាង ៣០ ។
សេវាកម្មឧតុនិយមបារាំង បានព្រមានផងដែរពីសន្ទុះខ្យល់បក់ខ្លាំងក្នុងល្បឿនពី ១២០គ.ម ដល់ ១៥០គ.មក្នុង ១ម៉ោង នៅតំបន់ភ្នំ Pyrenees ហើយនិងទឹកភ្លៀងកម្ពស់ ៩០មីលីម៉ែត្រ នឹងធ្លាក់ចុះ នៅតំបន់ភាគខាងត្បូង Picardie ជាទីដែលមានហានិភ័យខ្ពស់នៃទឹកជំនន់ ៕