ប្រទេសចិន និងវៀតណាមត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ក្នុងនោះរួមទាំងកិច្ចព្រមព្រៀង ដើម្បីជំរុញដល់ការតភ្ជាប់ផ្លូវដែក និងលើកកម្ពស់ពាណិជ្ជកម្មកសិកម្មផងដែរ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន លោក Li Qiang ទៅកាន់ទីក្រុងហាណូយ នៅចុងសប្តាហ៍នេះ។ នេះបើតាមបុគ្គល ២នាក់ ដែលបានសង្ខេបឲ្យដឹងអំពីផែនការនេះ។
ការតភ្ជាប់ផ្លូវដែកដោយមិនមានឧបសគ្គ គឺជាសញ្ញានៃការមានទំនុកចិត្តកាន់តែខ្លាំងឡើង រវាងប្រទេសទាំង២ ហើយនឹងជាការលើកកម្ពស់ពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ ខណៈដែលក្រុមហ៊ុនផលិតរបស់ចិនកាន់តែច្រើនឡើងៗ ប្ដូរប្រតិបត្តិការតម្រង់ទិសនាំចេញមួយចំនួនទៅកាន់វៀតណាម ចំពេលមានភាពតានតឹងពាណិជ្ជកម្ម រវាងចិន និងសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងដែលមនុស្សម្នាក់ ក្នុងចំណោមប្រភពទាំងនោះបាននិយាយថា ក៏រួមបញ្ចូលផងដែរនូវកិច្ចព្រមព្រៀង ស្តីពីប្រព័ន្ធទូទាត់ និងនីតិវិធីគយនោះ អាចលើកកម្ពស់បន្ថែមទៀត នូវទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសជិតខាងដែលគ្រប់គ្រងដោយរបបកុម្មុយនីស្តទាំង២ បន្ទាប់ពីមាននូវកិច្ចប្រជុំកម្រិតខ្ពស់ជាបន្តបន្ទាប់ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា ក្នុងប៉ុន្មានខែថ្មីៗនេះ។
តែយ៉ាងណាក្ដី ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងដែលត្រូវបានរំពឹងទុកទាំងនោះ ក្រសួងការបរទេសវៀតណាមមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ហើយក្រសួងការបរទេសចិនក៏មិនមាននិយាយអ្វីដល់ការលើកឡើងនេះដែរ៕

