ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃសុក្រ (ទី១១ ខែតុលា) នេះ បាននិយាយថា ប្រទេសកូរ៉េខាងត្បូងបានបញ្ជូនយានដ្រូនហោះចូលទៅក្នុងរដ្ឋធានីព្យុងយ៉ាង ជាអ្វីដែលខ្លួនហៅថា ជាការបង្កហេតុផ្នែកនយោបាយ និងយោធា ដោយការចោទប្រកាន់នេះនាំឲ្យមានការបដិសេធភ្លាមៗពីយោធារបស់ទីក្រុងសេអ៊ូល។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងថា យានដ្រូនដែលបានហោះនាពេលយប់ បានចូលទៅក្នុងទីក្រុងព្យុងយ៉ាង ហើយបានបាចសាចខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង «យ៉ាងច្រើន» នៅក្នុងរដ្ឋធានីនេះ កាលពីសប្តាហ៍មុន និងក្នុងសប្តាហ៍នេះ។
ក្រសួងបានបន្ថែមថា ការលុកលុយរបស់យានដ្រូននេះទាមទារឲ្យមានវិធានការសងសឹក ខណៈពេលដែលជំរុញឲ្យកូរ៉េខាងត្បូងផ្អាកទង្វើបែបនេះ។
តែទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា យោធាកូរ៉េខាងត្បូង បានប្រាប់ថា ខ្លួនមិនបានបញ្ជូនយានដ្រូនណាមួយចូលទៅក្នុងដែនដីកូរ៉េខាងជើងនោះទេ។
គួរបញ្ជាក់ថា សកម្មជនមួយចំនួន នៅកូរ៉េខាងត្បូង បានបង្ហោះបាឡុងចូលទៅក្នុងដែនដីរបស់កូរ៉េខាងជើង ដោយមានកេសជំនួយ និងខិត្តប័ណ្ណដែលរិះគន់មេដឹកនាំរបស់ប្រទេសនេះ គឺលោក គីម ជុងអ៊ុន៕



