អ្នកដំណើរជាច្រើននាក់បានខកការដំណើរ នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ (ទី១១ ខែតុលា) ខណៈដែលទូរដឹកអ្នកដំណើរចំនួន ១២ទូរ បានធ្លាក់ចេញពីផ្លូវ បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរ បានបុករថភ្លើងដឹកទំនិញដែលឈប់ស្ងៀម នៅក្នុងតំបន់ Tiruvallar ។
មន្ត្រីផ្លូវដែកម្នាក់ បាននិយាយថា រថភ្លើងល្បឿនលឿន រវាងទីក្រុង Mysuru និង Darbhanga បានច្រលំចូលទៅក្នុងផ្លូវទី២ ជំនួសឲ្យការចូលទៅផ្លូវសំខាន់ទី១ ដោយបង្កជាគ្រោះថ្នាក់ ដែលបណ្តាលឲ្យអ្នកដំណើរយ៉ាងហោចណាស់ ១៩នាក់រងរបួស។ តែយ៉ាងណាក្ដី អ្នកដំណើរដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះភ្លាមៗ ដើម្បីទទួលការព្យាបាល។
បន្ទាប់ពីមានឧបទ្ទវហេតុនោះ គេឃើញអ្នកដំណើររាប់សិបនាក់ជាប់ដំណើរ នៅទីនោះ ដោយនាំគ្នាឈរលើផ្លូវ ក្បែរស្ថានីយ៍ជាមួយនឹងវ៉ាលិសរបស់ពួកគេ។ រដ្ឋមន្ត្រីប្រចាំរដ្ឋ លោក M.K. Stalin តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X បានសន្យាថា ក្រុមបង្កើតឡើងដាច់ដោយឡែកមួយ កំពុងដំណើរការរៀបចំអាហារ និងមធ្យោបាយធ្វើដំណើរ សម្រាប់អ្នកដំណើរដែលត្រូវបានជួយសង្គ្រោះជាប់នៅទីនោះ ឲ្យបានត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។
ឧបទ្ទវហេតុនេះបាននាំឲ្យរថភ្លើងជាច្រើន នៅក្នុងតំបន់ ត្រូវកំណត់ពេលវេលាធ្វើដំណើរឡើងវិញ ឬលុបចោលតែម្ដង៕