ប្រទេសសិង្ហបុរីបានអំពាវនាវឲ្យដៃគូសំខាន់ៗរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) ក្នុងនោះរួមទាំងសហរដ្ឋអាមេរិក និងចិនផងដែរ ប្រើប្រាស់ឥទ្ធិពលរបស់ពួកគេដែលមានលើអាជ្ញាធរសហភាពមីយ៉ាន់ម៉ា ដើម្បីជួយបញ្ឈប់អំពើហិង្សាដែលកំពុងបន្តមាននៅក្នុងប្រទេសនេះ ហើយបើកផ្លូវឲ្យមានជំនួយមនុស្សធម៌ និងការផ្សះផ្សាជាតិ។
នៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) នាថ្ងៃសុក្រ (ទី១១ ខែតុលា) ក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ លោកនាយករដ្ឋមន្រ្តី Lawrence Wong បានលើកឡើងថា៖ «អាស៊ាននឹងបំពេញផ្នែករបស់ខ្លួន ប៉ុន្តែយើងក៏ត្រូវការដៃគូខាងក្រៅរបស់យើងឲ្យជួយចាត់វិធានការបន្ថែមទៀតផងដែរ»។
លោកបានបន្ថែមថា ការគាំទ្រពីដៃគូរបស់អាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងតំបន់ គឺមានសារៈសំខាន់ណាស់ ដោយមិនត្រឹមតែជួយដោះស្រាយបញ្ហាប្រឈមដ៏តានតឹងនៃជម្លោះដែលអូសបន្លាយជាយូរមកហើយ នៅសហភាពមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធានាថា វេទិកា EAS អាចបន្តដើរតួនាទីយ៉ាងសំខាន់។
ដោយមានអាស៊ានជាស្នូល EAS នាំឲ្យមានការជួបជុំប្រទេសដៃគូធំៗចំនួន ៨ផ្សេងទៀត ដូចជា អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលហ្សេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធ កំពុងត្រូវបានធ្វើឡើងស្របពេលមានការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ក្នុងនោះរួមទាំងសង្រ្គាម នៅតំបន់មជ្ឈិមបូព៌ា និងប្រទេសអ៊ុយក្រែន ហើយនិងការប្រជែងគ្នា រវាងសហរដ្ឋអាមេរិក និងចិនកាន់តែខ្លាំងឡើងៗ។ កិច្ចពិភាក្សារបស់កិច្ចប្រជុំកំពូលត្រូវបានគ្របដណ្ដប់យ៉ាងធំដោយបញ្ហាប្រឈម ក្នុងតំបន់ចំនួន២ គឺវិបត្តិ នៅហសភាពមីយ៉ាន់ម៉ា និងជម្លោះ ក្នុងសមុទ្រចិនខាងត្បូង៕