ក្រុមហេសបូឡាបាននិយាយថា ខ្លួនបានបាញ់មីស៊ីលជាបន្តបន្ទាប់សំដៅមូលដ្ឋានយោធាអ៊ីស្រាអែល នៅថ្ងៃសៅរ៍ (ទី១២ ខែតុលា) នេះ ខណៈដែលកងទ័ពអ៊ីស្រាអែលបានប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធ ទាំងនៅប្រទេសលីបង់ និងតំបន់ហ្កាហ្សា នៅថ្ងៃបុណ្យ Yom Kippur ដែលជាថ្ងៃដ៏ពិសិដ្ឋបំផុត នៅក្នុងប្រតិទិនរបស់ជ្វីហ្វ។
ទីក្រុងនានា ជុំវិញប្រទេសអ៊ីស្រាអែល មានភាពស្ងប់ស្ងាត់ ដោយផ្សារត្រូវបានបិទ ជើងហោះហើរត្រូវបានលុបចោល ហើយការដឹកជញ្ជូនសាធារណៈត្រូវបានផ្អាក នៅពេលដែលអ្នកបដិបត្តិជនជាតិជ្វីហ្វ បាននាំគ្នាតមអាហារ និងអធិដ្ឋាន នៅថ្ងៃបុណ្យដង្វាយធួន (ថ្ងៃបុណ្យកែប្រែចិត្ត)។
ប៉ុន្តែដោយប្រទេសកំពុងមានសង្រ្គាមជាមួយក្រុមហេសបូឡា និងក្រុមហាម៉ាស កងទ័ពនៅតែជាប់ក្នុងការប្រយុទ្ធ នៅតាមព្រំដែនភាគខាងជើង និងភាគខាងត្បូង ចំពេលមានការរិះគន់យ៉ាងខ្លាំងក្លា ជុំវិញការធ្វើឲ្យរងរបួសដល់កងរក្សាសន្តិភាពអង្គការសហប្រជាជាតិចំនួន ៤នាក់ នៅក្នុងប្រទេសលីបង់។
ហើយនៅថ្ងៃទី១២ ខែតុលានេះ ក្រុមហេសបូឡាដែលបានបាត់បង់មេដឹកនាំរបស់ខ្លួន និងមេបញ្ជាការសំខាន់ៗជាច្រើន ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម នៅលីបង់ បាននិយាយថា ខ្លួនបានវាយប្រហារមូលដ្ឋានទ័ពមួយ ដោយមីស៊ីល នៅភាគខាងត្បូងនៃទីក្រុង Haifa។
ក្រុមនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកប្រយុទ្ធរបស់ក្រុមហេសបូឡា «កំពុងកំណត់គោលដៅលើរោងចក្រគ្រឿងផ្ទុះ ដោយការបាញ់មីស៊ីលជាបន្តបន្ទាប់»។ នៅថ្ងៃទី១២ ខែតុលា ស៊ីរ៉ែនព្រមានការវាយឆ្មក់តាមអាកាស បានបន្លឺឡើង នៅភាគខាងជើងអ៊ីស្រាអែល ដោយយោធាអ៊ីស្រាអែល បានប្រាប់ថា ខ្លួនបានស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីលីបង់៕