បន្ទាយមានជ័យ៖ ការប្រណាំងទូកង នៅក្នុងខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៤នេះ នឹងមានការរៀបចំយ៉ាងអធិកអធម និងមានទូក ចូលរួមប្រណាំងច្រើនជាងបណ្ដាឆ្នាំមុនៗប្រមាណជាង ៣០ទូក ។
នេះបេីតាមការបញ្ជារបស់ឯកឧត្តម អុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលបានបញ្ជាក់នៅក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំការប្រណាំងទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក និងស្តង់ពិព័រណ៍ទូទៅ ភូមិ១ ផលិតផល១ ក្នុងឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុកឆ្នាំ២០២៤ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៤។
គូបញ្ជាក់ដែរថា គណៈកម្មាធិការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ បានសម្រេចរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ។ ដោយនៅរៀងរាល់រាត្រីចាប់ពីថ្ងៃទី ២៤-២៨ ខែតុលា ឆ្នាំ២០២៤ ក៏មានការប្រគំតន្ត្រីសម័យ អមដោយការដាក់តាំងស្តង់ផលិតផលខ្មែរ ព្រមទាំងមានការរៀបចំកម្មវិធីផ្សេងៗ នៅបរិវេណសួន តេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ ព្រមទាំងមានការរៀបចំបណ្តែតប្រទីបអង្គភាពរដ្ឋ-វិស័យឯកជន នៅដងស្ទឹងព្រះពន្លា ក្រុងសិរីសោភ័ណ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ចំពោះពិធីអកអំបុក និងសំពះព្រះខែ នឹងរៀបចំនារាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅបរិវេណសួនតេជោឈ្នះឈ្នះ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យផងដែរ៕