ក្រសួងពាណិជ្ជកម្ម នៅថ្ងៃសៅរ៍ (ទី១២ ខែតុលា) នេះ បានឲ្យដឹងថា ប្រទេសចិនកំពុងសិក្សាវិធានការពាណិជ្ជកម្មបន្ថែមទៀត ប្រឆាំងនឹងកោះតៃវ៉ាន់ ដោយការលើកឡើងនេះ មានរយៈពេល ២ថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំងបានរិះគន់សុន្ទរកថារបស់មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-Te។
តាមរយៈសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា គណបក្សប្រជាធិបតេយ្យជឿនលឿន ដែលជាគណបក្សកាន់អំណាចរបស់កោះតៃវ៉ាន់ មិនបានចាត់វិធានការជាក់ស្តែងណាមួយ ដើម្បីដក «ការរឹតបន្តឹងពាណិជ្ជកម្ម« លើប្រទេសចិនដីគោកនោះទេ។
សេចក្ដីថ្លែងការណ៍បានបន្ថែមថា៖ «នាពេលបច្ចុប្បន្ននេះ នាយកដ្ឋានពាក់ព័ន្ធកំពុងសិក្សាវិធានការបន្ថែមទៀត ដោយផ្អែកលើការសន្និដ្ឋាននៃការស៊ើបអង្កេតលើរបាំងពាណិជ្ជកម្មពីកោះតៃវ៉ាន់ (ប្រឆាំងនឹងចិនដីគោក)»។
គួរបញ្ជាក់ថា ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថា ជាផ្នែកនៃដែនដីរបស់ខ្លួននោះ ហើយខ្លួនមិនពេញចិត្តចំពោះលោក Lai នោះឡើយ ដោយចាត់ទុកមេដឹកនាំរូបនេះថា ជា «អ្នកបំបែកខ្លួន»។ លោក Lai និងរដ្ឋបាលរបស់លោកបានច្រានចោលការអះអាងអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ដោយនិយាយថា មានតែអ្នកស្រុកកោះតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេបាន។
កាលពីថ្ងៃទី១០ ខែតុលា នៅក្នុងសុន្ទរកថាថ្ងៃបុណ្យដ៏សំខាន់របស់កោះនេះ លោក Lai បាននិយាយថា សាធារណៈរដ្ឋប្រជាមានិតចិន មិនមានសិទ្ធិតំណាងឲ្យកោះតៃវ៉ាន់នោះទេ ប៉ុន្តែថា កោះនេះមានឆន្ទៈ ក្នុងការធ្វើការជាមួយទីក្រុងប៉េកាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនានា ដូចជាបម្រែបម្រួលអាកាសធាតុ ដោយបង្ហាញឲ្យឃើញទាំងជំហររឹងមាំ និងការសម្របសម្រួល ដែលការលើកឡើងនេះបាននាំឲ្យការខឹងសម្បាពីប្រទេសចិន៕