ក្លឹបកម្សាន្តពេលរាត្រីដ៏ល្បីល្បាញមួយរបស់ទីក្រុង Beirut ត្រូវបានប្រែក្លាយទៅជាជម្រក សម្រាប់ពលរដ្ឋភៀសខ្លួន នៅលីបង់ អំឡុងពេលមានការវាយឆ្មក់របស់អ៊ីស្រាអែលដែលកំពុងបន្តមាន។
Sky Bar ជាក្លឹបរាត្រីដ៏ពេញនិយមមួយ នៅតំបន់មជ្ឈិមបូព៌ា ដែលក្រុមតារាដ៏មានប្រជាប្រិយ និងតារាភាពយន្តល្បីៗ ក្នុងតំបន់ បានតែងនាំគ្នាប្រារព្ធវិធីដ៏រីករាយពេលរាត្រី ឥឡូវនេះ កំពុងក្លាយជាកន្លែងជ្រកកោនរបស់មនុស្សប្រហែល ៤០០នាក់ ដែលបានភៀសខ្លួនចេញពីការប្រយុទ្ធគ្នាពីទូទាំងប្រទេសលីបង់។
រដ្ឋាភិបាលបានឲ្យដឹងថា មនុស្សជាង ១,២លាននាក់ បានចាកចេញទីលំនៅ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល គិតចាប់តាំងពីចុងខែកញ្ញា។
អ្នកនាង Gaelle Irani អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងភ្ញៀវរបស់ Sky Bar នេះ បាននិយាយថា៖ «បន្ទាប់ពីការទម្លាក់គ្រាប់បែកបានកើតមានឡើង តាំងពីលើកទី១ ដែលសម្លាប់មេដឹកនាំក្រុមហេសបូឡា គឺលោក Hassan Nasrallah អ្វីគ្រប់យ៉ាងត្រូវបានបិទ អ្វីគ្រប់យ៉ាងត្រូវបានផ្អាក។ ម្ចាស់ក្លឹបម្នាក់គ្រាន់តែដើរឆ្លងកាត់ ដើម្បីទៅពិនិត្យមើលបរិវេណរបស់ហាង។ គាត់បានឃើញមនុស្សជាច្រើននាំគ្នានៅហាលវាល ដោយគ្រាន់តែអង្គុយនៅតាមផ្លូវគ្មានសំលៀកបំពាក់ (មានរបស់តិចតួច)។ ដូច្នេះ គាត់បានសួរថា តើពួកគេត្រូវការទីជម្រក ឬអត់ ដូចដែលពួកគេបានលើកឡើង ទើបការកែប្រែទីកន្លែងនេះបានចាប់ផ្ដើមឡើ»។
ក្រុមអ្នកធ្វើការនៅ Sky Bar នេះ បានចាប់ផ្តើមទទួលមនុស្សប្រហែល ៧០នាក់ នៅចុងខែកញ្ញា តែឥឡូវនេះពួកគេមានជិត ៤០០នាក់ហើយ៕