ប្រធានាធិបតីអ៊ុយក្រែន លោក Volodymy Zelenskiy កាលពីថ្ងៃអាទិត្យ (១៣ តុលា) បានបន្តចោទកូរ៉េខាងជើង ថាបញ្ជូនទាហាន ក៏ដូចជាសព្វាវុធទៅឱ្យកងកម្លាំងរុស្ស៊ី ដើម្បីប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន ដោយអំពាវនាវឱ្យជំរុញទំនាក់ទំនងការពារជាតិកាន់តែរឹងមាំឡើងជាមួយបណ្ដាដៃគូរបស់ទីក្រុងគីវ។

វិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានច្រានចោលការអះអាងរបស់កូរ៉េខាងត្បូង ដែលថាកូរ៉េខាងជើង ប្រហែលជាបានបញ្ជូនបុគ្គលិកយោធាមួយចំនួនទៅជួយរុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ហើយអាចនឹងថ្លឹងថ្លែងការដាក់ពង្រាយធំជាងនេះ។

លោក Zelenskiy បាននិយាយក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួនថា៖ "យើងមើលឃើញថាសម្ព័ន្ធភាពរវាងរុស្ស៊ី និងកូរ៉េខាងជើង កាន់តែខ្លាំងឡើង ទាំងការបញ្ជូនទាហានទៅជួយប្រយុទ្ធ និងសព្វាវុធ។ ស្ថានភាពទាំងនោះបង្ហាញយ៉ាងច្បាស់ថា ទំនាក់ទំនងរវាងដៃគូរបស់អ៊ុយក្រែន ត្រូវតែវិវត្តកាន់តែខ្លាំងឡើងបន្ថែមទៀត"។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអង្គារ សប្ដាហ៍មុនថា "មានលទ្ធភាពខ្ពស់" ដែលថាកូរ៉េខាងជើង អាចដាក់ពង្រាយកងទ័ពដើម្បីជួយរុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ នៅពេលត្រូវសាកសួរថាតើកូរ៉េខាងជើង កំពុងបញ្ជូនកងទ័ពរបស់ខ្លួនទៅប្រយុទ្ធនៅអ៊ុយក្រែនដែរឬទេ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានប្រាប់អ្នកយកព័ត៌មានថា "នេះមើលទៅហាក់ដូចជាព័ត៌មានក្លែងក្លាយមួយទៀតហើយ"៕