រដ្ឋមន្ត្រីការបរទេសវ៉េណេហ្ស៊ុយអេឡា លោក Yvan Gel Pinto បាននិយាយនៅថ្ងៃចន្ទនេះថា ជំនួយមនុស្សធម៌ដំបូងរបស់ប្រទេសនេះសម្រាប់ប្រទេសលីបង់ ត្រូវបានបញ្ជូនទៅរដ្ឋធានីដាម៉ាស( Damascus)នៃប្រទេសស៊ីរី កាលពីថ្ងៃទី១៣ ខែតុលា។
ប្រមុខការទូតវ៉េណេហ្ស៊ុយអេឡា បាននិយាយនៅលើគណនីTelegram របស់ខ្លួនថា៖«ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈចាំបាច់ជាច្រើនតោនដែលបានបញ្ជូនដោយដែលប្រជាជន និងរដ្ឋាភិបាល បានទៅដល់ទីក្រុងដាម៉ាសសម្រាប់បងប្អូនប្រុសស្រីនៃប្រទេសលីបង់ដែលរងផលប៉ះពាល់ដោយការវាយប្រហារដោយ រដ្ឋភេរវកររបស់អ៊ីស្រាអែល»។
លោករដ្ឋមន្ត្រី បានបន្ថែមថា៖«នេះគឺជាការបញ្ជូនតដំបូងរបស់ស្ពានសាមគ្គីដែលរៀបចំឡើង ក្នុងគោលបំណងជួយប្រជាពលរដ្ឋតស៊ូ ដើម្បីអនាគតដ៏ល្អប្រសើរ»។
អ៊ីស្រាអែល បាននិងកំពុងធ្វើការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើគោលដៅយោធារបស់ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញា នៅពេលដែលខ្លួនបានបើកប្រតិបត្តិការ Northern Arrows។ គោលដៅដែលបានប្រកាសរបស់អ៊ីស្រាអែល គឺបង្កើតលក្ខខណ្ឌសុវត្ថិភាព នៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេសនេះ ដើម្បីឲ្យអ្នកស្រុករាប់ម៉ឺននាក់អាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ វិញ។
មេដឹកនាំក្រុមហេសបូឡា លោក ហាសសាន ណាស្រាឡា( Hassan Nasrallah) ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងបេរូត ( Beirut) កាលពីថ្ងៃទី ២៧ ខែ កញ្ញា។ នៅព្រឹកព្រលឹមថ្ងៃទី ០១ ខែតុលា អ៊ីស្រាអែល បានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការជើងគោក នៅក្នុងតំបន់ព្រំដែននៃប្រទេសលីបង់។