បេក្ខជនតំណែងប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris នៅថ្ងៃចន្ទ (ទី១៤ ខែតុលា) បានបង្ហាញនូវសំណើគោលនយោបាយថ្មីយកក្រុមបុរសស្បែកខ្មៅជាគោលដៅ ដែលរួមមានប្រាក់កម្ចីអាជីវកម្មខ្នាតតូចដែលអាចលើកលែងបាន និងលទ្ធភាពចូលទៅក្នុងឧស្សាហកម្មកញ្ឆាលក្ខណៈកម្សាន្តស្របច្បាប់ថ្មី។
ការធ្វើយុទ្ធនាការរបស់លោកស្រី Harris និងគណបក្សប្រជាធិបតេយ្យ ក្នុងនោះរួមទាំងអតីតប្រធានាធិបតី លោក Barack Obama ផងដែរ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីថា តើបុរសស្បែកខ្មៅ នឹងចេញទៅបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា ក្នុងចំនួនដ៏ច្រើនដូចនៅក្នុងការបោះឆ្នោតកន្លងមកដែរ ឬយ៉ាងណា និងថា តើពួកគេនឹងគាំទ្រលោកស្រី Harris ឬគូប្រជែងខាងគណបក្សសាធារណរដ្ឋ គឺលោក Donald Trump។
កម្មវិធីថ្មីនៃសំណើគោលនយោបាយនេះ គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដែលជំរុញដោយលោកស្រី Harris ដើម្បីបាញ់តម្រង់ដោយផ្ទាល់ទៅក្រុមបុរសស្បែកខ្មៅ និងធ្វើឲ្យពួកគេក្លាយជាផ្នែកសំខាន់នៃយុទ្ធនាការរបស់លោកស្រី ក្នុងអំឡុងរយៈពេលចុងក្រោយនៃការធ្វើយុទ្ធនាការបោះឆ្នោតរបស់ខ្លួន។ Reuters គឺជាសារព័ត៌មានដំបូងគេដែលរាយការណ៍ពីផែនការនេះ។
គោលនយោបាយថ្មីនេះ រួមមានការផ្ដល់ប្រាក់កម្ចីចំនួន ១លានកម្ចី ដែលអាចទទួលបានការលើកលែងទាំងស្រុង ក្នុងទឹកប្រាក់រហូតដល់ ២០.០០០ដុល្លារ ចំពោះសហគ្រិននៅក្នុងសហគមន៍ដែលបានទទួលការការពារ ហើយនិងការសន្យា ក្នុងការធ្វើឲ្យការប្រើប្រាស់កញ្ឆាកម្សាន្តស្របច្បាប់ និងជួយធានាថា សហគ្រិនស្បែកខ្មៅមានលទ្ធភាពចូលទៅប្រកួតប្រជែងក្នុងឧស្សាហកម្មថ្មីនេះ៕

