បណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទ (ទី១៤ ខែតុលា) នេះ បានព្រមព្រៀងគ្នាដាក់ទណ្ឌកម្មលើបុគ្គល ៧នាក់ និងអង្គការចំនួន ៧ ក្នុងនោះមានរួមទាំងក្រុមហ៊ុនអាកាសចរណ៍ Iran Air ផងដែរ ពាក់ព័ន្ធទៅនឹងទំនាក់ទំនងរបស់ពួកគេនៅក្នុងការផ្ទេរមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ី។
បញ្ជីទណ្ឌកម្មនេះ ក៏រួមបញ្ចូលផងដែរនូវក្រុមហ៊ុនអាកាសចរណ៍ចំនួន ២ គឺ Saha Airlines និង Mahan Air ហើយនិងអនុរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Seyed Hamzeh Ghalandari។
គួរបញ្ជាក់ថា កាលពីខែមុន សហរដ្ឋអាមេរិក ដោយលើកឡើងពីការស៊ើបអង្កេតដែលខ្លួនបានអះអាងថា ត្រូវបានចែករំលែកជាមួយនឹងសម្ព័ន្ធមិត្តនោះ បានប្រាប់ឲ្យដឹងថា រុស្ស៊ីបានទទួលមីស៊ីលបាលីស្ទិកពីអ៊ីរ៉ងង់ ដើម្បីយកទៅប្រើប្រាស់ ក្នុងសង្គ្រាម នៅអ៊ុយក្រែន។ ភ្លាមៗ ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើនាវា និងក្រុមហ៊ុនដែលខ្លួនបាននិយាយថា មានពាក់ព័ន្ធនឹងការផ្ទេរអាវុធ។
ប្រឈមមុខនឹងការដាក់ទណ្ឌកម្មនេះផងដែរ ក្រោមចំណាត់ការរបស់ EU គឺបណ្ដាមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់ឆ្មាំបដិវត្តន៍អ៊ិស្លាម ហើយនិងនាយកគ្រប់គ្រងនៃឧស្សាហកម្មផលិតយន្តហោះអ៊ីរ៉ង់ និងអង្គការឧស្សាហកម្មអវកាស។ ទណ្ឌកម្មរួមមានការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់មិនឲ្យធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប៕


