មន្ត្រីរដ្ឋាភិបាលនៃប្រទេសទាំងពីរបាននិយាយថា ឥណ្ឌា និងកាណាដា មើលមិនឃើញថា ជម្លោះការទូតជុំវិញការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក (Sikh) ជះឥទ្ធិពល ឬផលប៉ះពាល់ភ្លាមៗលើទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនោះឡើយ។

កាណាដានាំចេញជាចម្បងនូវសារធាតុរ៉ែ គ្រាប់ធញ្ញជាតិ អំបិលប៉ូតាស្យូម សារធាតុគីមីឧស្សាហកម្ម និងត្បូងថ្មទៅកាន់ឥណ្ឌា ហើយនាំចូលមកវិញនូវទំនិញដូចជាឱសថ គ្រឿងសមុទ្រ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិច គុជ និងត្បូងមានតម្លៃជាដើម។

ទំនាក់ទំនងកាន់តែអាក្រក់ឡើងរវាងភាគីទាំងពីរ បន្ទាប់ពីកាណាដា កាលពីថ្ងៃចន្ទ សប្ដាហ៍នេះបានប្រកាសថាស្នងការជាន់ខ្ពស់ និងអ្នកការទូតផ្សេងទៀតរបស់ឥណ្ឌា មានជាប់ទាក់ទងនឹងការសម្លាប់មេដឹកនាំសាសនាស៊ីក គឺលោក ហាឌីប ស៊ីញ នីចា (Hardeep Singh Nijjar) នៅលើទឹកដីរបស់ខ្លួន ហើយបានចោទទីក្រុងញូវដេលី ពីកិច្ចប្រឹងប្រែងទូលំទូលាយដើម្បីដាក់គោលដៅលើអ្នកប្រឆាំងឥណ្ឌា នៅកាណាដា។

ឥណ្ឌា បានបដិសេធការចោទប្រកាន់នេះ ដោយពណ៌នាថានោះជាផ្នែកនៃ “របៀបវារៈនយោបាយ” របស់លោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau)។
យោងតាមក្រសួងពាណិជ្ជកម្មឥណ្ឌាបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និងកាណាដា មានចំនួន ៨,៤ពាន់លានដុល្លារអាមេរិក នៅចុងឆ្នាំសារពើពន្ធចុងក្រោយត្រឹមថ្ងៃទី៣១ ខែមីនា ពោលគឺកើនឡើងបន្តិចបើធៀបនឹងឆ្នាំមុន។ មូលនិធិរបស់កាណាដា បានវិនិយោគជាង ៥៤ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា ហើយមិនមានការផ្លាស់ប្តូរអ្វីដែលរំពឹងទុកនោះទេ៕