យុទ្ធនាការបានចាប់ផ្តើមនៅថ្ងៃអង្គារ (១៥ តុលា) ក្នុងប្រទេសជប៉ុន សម្រាប់ការបោះឆ្នោតថ្ងៃទី២៧ ខែតុលា ខាងមុខនេះ ដែលនាយករដ្ឋមន្ត្រីថ្មី លោក ស៊ីហ្កេរុ អ៊ីស៊ីបា (Shigeru Ishiba) កំពុងស្វះស្វែងរក្សាសំឡេងភាគច្រើនរបស់គណបក្សកាន់អំណាចដ៏យូររបស់ខ្លួន។

រថយន្តបំពាក់ឧបករណ៍បំពងសំឡេងបានចាប់ផ្តើមចេញធ្វើយុទ្ធនាការ ហើយបេក្ខជនបានចែកចាយខិត្តប័ណ្ណមុនការបោះឆ្នោត។ បញ្ហាសំខាន់ៗរួមមានការឡើងថ្លៃទំនិញ សន្តិសុខក្នុងតំបន់ និងពាក្យចចាមអារាមជុំវិញរឿងអាស្រូវនៅក្នុងគណបក្សប្រជាធិបតេយ្យសេរី LDP របស់លោក Ishiba។

បក្ស LDP បានគ្រប់គ្រងប្រទេសជប៉ុន ស្ទើរតែគ្មានការរំខានអស់រយៈពេលជាច្រើនទស្សវត្សមកហើយ ទោះបីជាមានការផ្លាស់ប្តូរអ្នកដឹកនាំជាញឹកញាប់ក៏ដោយ។ ចំនួនអ្នកទៅបោះឆ្នោតទាប និងបក្សប្រឆាំងដែលបែកបាក់គ្នា មានន័យថា បក្សកាន់អំណាច LDP និងដៃគូចម្រុះរបស់ខ្លួនទំនងជានឹងឈ្នះឆ្នោត។
ការស្ទង់មតិចុងសប្តាហ៍របស់សារព័ត៌មាន ខ្យូដូ ញូវស៍ (Kyodo News) បានបង្ហាញថា បក្ស LDP របស់លោក Ishiba នៅតែជាបក្សដែលមានប្រជាប្រិយភាពបំផុតគឺមានការគាំទ្រ ២៦,៤% ធៀបនឹង ១២,៤% ដែលគាំទ្រក្រុមប្រឆាំងដ៏ធំគឺបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន (CDP)។

លោកនាយករដ្ឋមន្រ្តី Ishiba បានសន្យាថានឹង “ធានាឱ្យសេដ្ឋកិច្ចរបស់ជប៉ុន ងើបចេញពីបរិត្តផរណា” ហើយចង់បង្កើនប្រាក់ចំណូលតាមរយៈកញ្ចប់សេដ្ឋកិច្ចថ្មី ក៏ដូចជាការគាំទ្រសម្រាប់ក្រុមគ្រួសារដែលមានចំណូលទាប។ បញ្ហាដ៏ចម្រូងចម្រាសមួយទៀតគឺសំណួរថា តើត្រូវអនុញ្ញាតឱ្យស្ត្រីរក្សានាមត្រកូលរបស់ពួកគេបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចឬយ៉ាងណា ដោយនោះជាបញ្ហាដែលបក្សប្រឆាំងសង្ឃឹមថានឹងទទួលបានការគាំទ្រកាន់តែច្រើន៕