ប្រទេសចិន កាលពីថ្ងៃអង្គារ (១៥ តុលា) បានជំរុញឱ្យភាគីទាំងអស់នៅលើឧបទ្វីបកូរ៉េ បញ្ចៀសកុំឱ្យជម្លោះកាន់តែកើនឡើងបន្ថែមទៀត បន្ទាប់ពីភាពតានតឹងចុងក្រោយរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង មិនចុះថយ។

កូរ៉េខាងជើង បានបំផ្ទុះផ្នែកខ្លះនៃផ្លូវដែលតភ្ជាប់ទៅកូរ៉េខាងត្បូង បន្ទាប់ពីការប្រកាសរបស់ខ្លួនកាលពីសប្តាហ៍មុនក្នុងការកាត់ផ្តាច់ផ្លូវអន្តរកូរ៉េ និងផ្លូវដែកទាំងអស់។ បន្ទាប់ពីការបំផ្ទុះនោះ យោធាកូរ៉េខាងត្បូង បានបាញ់ព្រមាននៅខាងព្រំដែនរបស់ខ្លួននៃបន្ទាត់កំណត់ព្រំដែនយោធាដែលខណ្ឌចែកកូរ៉េទាំងពីរ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំមួយថា “ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ មិនបម្រើផលប្រយោជន៍រួមរបស់ភាគីទាំងអស់ទេ ហើយអាទិភាពពេលនេះគឺបញ្ចៀសការកើនឡើងនៃជម្លោះបន្ថែមទៀត”។

យោធារបស់ទីក្រុងព្យុងយ៉ាង កាលពីសប្តាហ៍មុន បានប្តេជ្ញាបិទព្រំដែនភាគខាងត្បូងរបស់ខ្លួនជាអចិន្ត្រៃយ៍ បន្ទាប់ពីចំណាយពេលជាច្រើនខែក្នុងការដាក់គ្រាប់មីន និងសាងសង់របាំងប្រឆាំងរថក្រោះ ក្រោយមេដឹកនាំរបស់ខ្លួនគឺលោក គីម ជុងអ៊ុន ប្រកាសថាកូរ៉េខាងត្បូង ជា “សត្រូវចម្បង” របស់ប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារថា កូរ៉េខាងជើង ក៏បានចោទប្រកាន់ទីក្រុងសេអ៊ូល ថាបានប្រើប្រាស់យានដ្រូនទម្លាក់ខិត្តប័ណ្ណឃោសនាប្រឆាំងរបបក្រុងព្យុងយ៉ាង ដោយលោក គីម ជុងអ៊ុន បានកោះប្រជុំសន្តិសុខដើម្បីដឹកនាំផែនការនៃ “សកម្មភាពយោធាភ្លាមៗ” ជាការឆ្លើយតប៕