កោះកុង ៖ បណ្តាកម្មករ និងនិយោជិតរោងចក្រនីមួយៗ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង កំពុងត្រូវបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ តបការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីឈប់សម្រាកថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ។
យ៉ាងហោចណាស់ ក៏មានរោងចក្រចំនួន៤តម្រូវឱ្យកម្មករ និយោជិតរបស់ខ្លួនធ្វើតេស្តរហ័សស្វែងរកមេរោគកូវីដ១៩ មុនអនុញ្ញាតឱ្យចូលបម្រើការងារដូចធម្មតា ដើម្បីសុវត្ថិភាពកន្លែងការងារធានាបានការមិនឆ្លងជំងឺដ៏កាចសាហាវនេះ ។
លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ថា រោងចក្រដែលបានធ្វើតេស្តសុខភាពកម្មករ និយោជិត និងថៅកែរួចរាល់កាលពីម្សិលមិញ គឺរោងចក្រយ៉ាស្សាគិ ដោយមានមនុស្សជាង ៣.១០០នាក់ចូលរួមអនុវត្តវិធានការសុខាភិបាល។ ជាលទ្ធផលនៃតេស្តពុំមានកម្មករ និយោជិតណាម្នាក់ផ្ទុកមេរោគកូវីដ១៩ ឡើយ។
លោក លើកឡើងទៀតថា ជាក់ស្តែង នៅព្រឹកថ្ងៃទី១១ តុលានេះ មានមនុស្សជាង៤០០នាក់ នៅរោងចក្រមីកាស្សា រោចក្រហាណា និងរោងចក្រ៩៩ បាននឹងកំពុងធ្វើតេស្តសុខភាពផងដែរ ចំពោះលទ្ធផលតេស្តផ្តល់ព័ត៌មានតាមក្រោយ។ ដោយឡែករោងចក្រ KKNពុំទាន់អនុវត្តធ្វើតេស្តនោះទេ។
ដំណើរការធ្វើតេស្តរហ័សស្វែងរកមេរោគកូវីដ១៩ ដល់ក្រុមកម្មករ និយោជិតនៅតាមបណ្តារោងចក្រ សហគ្រាសនៅពេលនេះ ឆ្លើយតបនឹងអ្វីដែលជាសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ។
បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ថ្លែងថា លោកនៅមិនទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយជុំវិញលទ្ធផលធ្វើតេស្តកម្មករ និយោជិតក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង។ ប៉ុន្តែជាគោលការណ៍ថ្មី ទោះបីជាមានការរកឃើញវីរុសកូវីដផ្ទុកលើកម្មករ និយោជិកណាម្នាក់ ក៏នឹងត្រូវបញ្ចូនសំណាកនោះទៅពិនិត្យលម្អិតបន្តនៅវិទ្យាស្ថានប៉ាស្ទ័រ។
ក្រុមកម្មករ និយោជិតដែលសង្ស័យផ្ទុកមេរោគកូវីដ ត្រូវបញ្ចូនទៅអគារមណ្ឌលចត្តាឡីស័ករង់ចាំលទ្ធផលតេស្តមកពីរាជធានីភ្នំពេញ មុននឹងបញ្ចូនទៅអគារព្យាបាលអ្នកជំងឺ៕
អត្ថបទ ឈឹម មករា



