បណ្ដាអ្នកការទូត បាននិយាយថា បញ្ហាទេសសន្តរប្រវេសន៍ នឹងគ្របដណ្ដប់លើកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប (EU) នៅថ្ងៃព្រហស្បតិ៍ (ទី១៧ ខែតុលា) ដោយប្រទេសប៉ូឡូញអំពាវនាវឲ្យមាននូវគោលជំហរពី EU ដើម្បីទប់ទល់ជាមួយរុស្ស៊ី និងបេឡារុស ដែលប្រើប្រាស់ជនអន្តោប្រវេសន៍ជាអាវុធ ប្រឆាំងនឹង EU និងប្រទេសដទៃទៀត ដោយជំរុញឲ្យមានច្បាប់មិនយោគយល់ ដើម្បីបញ្ជូនត្រឡប់ទៅវិញនូវអ្នកមកដល់មិនស្របច្បាប់។
ជាមួយគ្នានេះ បណ្ដាអ្នកការទូត EU បានប្រាប់ទៀតថា ប្រធានបទផ្សេងទៀត នៅក្នុងរបៀបវារៈ រួមមានបណ្ដាមេដឹកនាំនឹងអះអាងឡើងវិញនូវការគាំទ្រឥតងាករេ ចំពោះប្រទេសអ៊ុយក្រែន ក្នុងប្រតិបត្តិការការពារខ្លួនប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី ហើយនិងការអំពាវនាវឲ្យមានបទឈប់បាញ់ និងកាត់បន្ថយអរិភាព នៅតំបន់មជ្ឈិមបូព៌ា។
ប៉ុន្តែការពិភាក្សាដ៏ក្តៅគគុកបំផុត នឹងស្ថិតនៅលើរបៀបដោះស្រាយជាមួយជនអន្តោប្រវេសន៍ខុសច្បាប់ដែលធ្វើដំណើរទៅដល់ប្លុកមានសមាជិក ២៧ប្រទេសនេះ តាមផ្លូវគោកពីភាគខាងកើត និងតាមសមុទ្រពីភាគខាងត្បូង ជាអ្វីដែលរដ្ឋាភិបាល EU ភាគច្រើនមើលឃើញថា ជាហានិភ័យនយោបាយ និងសន្តិសុខដែលកំពុងជំរុញឲ្យមានការកើនឡើងនៃប្រជាជននិយម និងគណបក្សស្តាំនិយមជ្រុល ហើយនិងកំពុងមានឥទ្ធិពលលើការបោះឆ្នោត។
ទិន្នន័យពីទីភ្នាក់ងារព្រំដែន Frontex របស់ EU បានបង្ហាញថា ជនអន្តោប្រវេសន៍ខុសច្បាប់ដែលបានទៅដល់អឺរ៉ុប កាលពីឆ្នាំមុន មានចំនួនតិចជាង ១ភាគ៣ នៃចំនួន ១លាននាក់ដែលមានក្នុងអំឡុងពេលមានវិបត្តិការជនអន្តោប្រវេសន៍ ក្នុងឆ្នាំ២០១៥។
ប៉ុន្តែ Frontex បានឲ្យដឹងថា ចំនួនមនុស្សដែលទៅដល់ព្រំដែន EU ជាមួយបេឡារុស បានកើនឡើង ១៩២ភាគរយ ធៀបនឹងឆ្នាំមុន ក្នុងខែមករា ដល់ខែកញ្ញា ដោយឡើងដល់ចំនួន ១៣.១៩៥នាក់ ហើយចំនួននៃការទៅដល់កោះ Canary របស់អេស្ប៉ាញ នៅឆ្នេរភាគខាងលិចនៃទ្វីបអាហ្រ្វិក បានកើនឡើងទ្វេដង ពោលគឺឡើងដល់ ៣០.៦១៦នាក់៕