នៅក្នុងរូបភាពវីដេអូឃ្លីបចេញដោយក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្កាហ្កានាថ្ងៃព្រហស្បតិ៍នេះ ឃើញលោកវេជ្ជបណ្ឌិត Hussam Abu Safiya គឺជាប្រធានមន្ទីរពេទ្យ Kamal Adwan ស្ថិតក្នុងទីក្រុង Jabalia បានរៀបរាប់ពីស្ថានភាពនៅផ្នែកថែទាំទារកទើបឆ្លងទន្លេ ដោយលោកបានព្រមានថា មន្ទីរពេទ្យរបស់លោកប្រឈមនឹងគ្រោះមហន្តរាយមនុស្សធម៌ពិតប្រាកដ ដោយខ្វះខាតប្រេងឥន្ធនៈ និងគ្រឿងវេជ្ជសាស្រ្តចាំបាច់ ស្របពេលដែលកងកម្លាំងអ៊ីស្រាអែល រឹតបន្តឹងការឡោមព័ទ្ធរបស់ពួកគេនៅតំបន់ភាគខាងជើងដែនដីបិទច្រកមួយនេះ ។
លោក Hussam និយាយថា ទារកភាគច្រើនស្ថិតក្នុងឧបករណ៍កម្តៅ និងត្រូវការឧបករណ៍ដកដង្ហើម ។ កន្លែងសម្ភពពេញដោយទារកទើបឆ្លងទន្លេ ហើយទារកសុទ្ធតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
លោកបន្តថា បើសិនជាប្រេងឥន្ធនៈមិនចូលទេនោះ ឬគ្មានតម្រូវវេជ្ជសាស្រ្ត ពួកយើងនឹងប្រឈមគ្រោះមហន្តរាយមនុស្សធម៌ពិតប្រាកដ សម្រាប់ក្មេងៗទាំងអស់នេះ ។
វីដេអូដែលបានបញ្ចេញឃើញទារកទើបឆ្លងទន្លេនៅក្នុងឧបករណ៍កម្តៅ ហើយក្មេងៗភ្ជាប់ជាមួយម៉ាស៊ីនវេជ្ជសាស្រ្ត ។
កាលពីថ្ងៃពុធម្សិលមិញ ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីន បានអំពាវនាវឲ្យមានច្រករបៀងមនុស្សធម៌ដល់មន្ទីរពេទ្យចំនួន ៣កន្លែងនៅតំបន់ភាគខាងជើងហ្កាហ្សាដែលជិតដួលរលំទៅហើយ ពេលដែលទាហានអ៊ីស្រាអែលកាត់ផ្តាច់តំបន់មួយនេះ អំឡុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាអស់រយៈពេលជិត ២សប្តាហ៍ជាមួយក្រុមហាម៉ាស់ ។
គ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ Kamal Adwan, Al-Awda និងមន្ទីរពេទ្យឥណ្ឌូនេស៊ី បដិសេធន៍មិនព្រមទុកចោលអ្នកជំងឺរបស់ពួកគេ បើទោះបីជាមានការបញ្ជាឲ្យជម្លៀសខ្លួនយ៉ាងណាក្តីពីយោធាអ៊ីស្រាអែល ពេលចាប់ផ្តើមការរុលចូលទៅក្នុងទីក្រុង Jabalia ស្ថិតនៅភាគខាងជើងហ្កាហ្សាកាល ពីរយៈពេល ១២ថ្ងៃមុន ៕

