ក្រសួងយុត្តិធម៌ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីចារកម្មឥណ្ឌាម្នាក់ត្រូវបានចោទប្រកាន់ពីបទការជាប់ពាក់ព័ន្ធរបស់លោកក្នុងផែនការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក នៅសហរដ្ឋអាមេរិក។

ក្រសួងបាននិយាយថា លោក Vikash Yadav អាយុ៣៩ឆ្នាំ ដែលនៅតែមានសេរីភាពនៅឡើយ ត្រូវបានចោទប្រកាន់ពីបទសមគំនិតប្រព្រឹត្តអំពើឃាតកម្មស៊ីឈ្នួល និងការលាងលុយ។
លោក Yadav គឺជាជនជាតិឥណ្ឌាទីពីរ ដែលត្រូវបានចោទប្រកាន់នៅសហរដ្ឋអាមេរិក ក្នុងផែនការដែលតាមចោទប្រកាន់ថាបានសម្លាប់ លោក Gurpatwant Singh Pannun ជាពលរដ្ឋអាមេរិក-កាណាដា រស់នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

លោក Pannun មានទំនាក់ទំនងជាមួយក្រុមមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ដែលមានឈ្មោះថា សាសនាស៊ីកសម្រាប់យុត្តិធម៌(Sikhs for Justice) ដែលតស៊ូមតិសម្រាប់ការផ្តាច់ខ្លួននៅរដ្ឋ Punjab ជារដ្ឋនៅភាគខាងជើងប្រទេសឥណ្ឌាដែលមានប្រជាជនកាន់សាសនាស៊ីក ភាគច្រើន។ លោក Pannun នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាញ X ធ្លាប់បានថ្កោលទោសផែនការធ្វើឃាតតាមដែលចោទប្រកាន់ ថាជា «ករណីជាក់ស្តែងនៃអំពើភេរវកម្មឆ្លងដែនរបស់ប្រទេសឥណ្ឌា» និងជា «ការគំរាមកំហែងដល់សេរីភាពនៃការបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យ»។