ក្រុមហ៊ួទីនៅប្រទេសយេម៉ែនកាលពីថ្ងៃព្រហស្បតិ៍ បានប្តេជ្ញាធ្វើការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើរដ្ឋធានី Sanaa និងខេត្ត Saada បន្ទាប់ពីការវាយឆ្មក់ដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិកទៅលើទីតាំងយោធារបស់ក្រុមនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយតាមរយៈទូរទស្សន៍al-Masirahរបស់ក្រុមហ៊ួទី ក្រុមនេះ បាននិយាយថា៖«ការឈ្លានពានរបស់អាមេរិកលើរដ្ឋធានី Sanaa និងខេត្ត Saada នឹងមិនឆ្លងផុត ដោយគ្មានការឆ្លើយតបនោះទេ»។
សេចក្តីថ្លែងការណ៍ បានសំដៅលើការវាយប្រហាររបស់សហរដ្ឋអាមេរិកថា ជា «ការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពយេម៉ែន» និង «ការរំលោភយ៉ាងច្បាស់លាស់លើច្បាប់ បទដ្ឋាន និងកិច្ចព្រមព្រៀងអន្តរជាតិនានា»។
សេចក្តីថ្លែងការណ៍ បានបន្តថា៖«ការវាយឆ្មក់ឈ្លានពានរបស់អាមេរិក នឹងមិនរារាំងប្រទេសយេម៉ែនពីការបន្តការគាំទ្រ និងជំនួយរបស់ខ្លួនចំពោះតំបន់ហ្កាហ្សា និងប្រទេសលីបង់ ក្នុងការប្រឈមនឹងភាពក្រអឺតក្រទមរបស់អ៊ីស្រាអែលដែលគាំទ្រដោយអាមេរិក»។
មុននេះ ក្រុមហ៊ួទី បានរាយការណ៍ថា យន្តហោះអាមេរិក និងចក្រភព អង់គ្លេស បានបើកការវាយលុកថ្មីមួយ នៅពេលព្រឹកព្រលឹម ដោយបានធ្វើការវាយឆ្មក់ចំនួន ៦លើក ទៅលើទីក្រុង Sanaa និង ៩លើក ទៅលើខេត្ត Saada ភាគខាងជើងរបស់ប្រទេសនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួន«បានវាយប្រហារតាមអាកាសជាច្រើនលើក ទៅលើកន្លែងផ្ទុកអាវុធជាច្រើនរបស់ក្រុមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយហ៊ួទី នៅប្រទេសយេម៉ែន»។