នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែតុលា) បាននិយាយថា សង្រ្គាមមិនទាន់ចប់នៅឡើយទេ បន្ទាប់មានការសម្លាប់លោក Yahya Sinwar ដែលជាមេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស និងជាមេគំនិតដ៏ធំនៃការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយការលើកឡើងនេះជាសញ្ញាបង្ហាញថា ជម្លោះនឹងបន្តមាន នៅតំបន់ហ្កាហ្សា ទោះបីជាមានការបំផ្លាញ ចំពោះរចនាសម្ព័ន្ធអង្គការរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងការអំពាវនាវពីសហរដ្ឋអាមេរិក ឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរក៏ដោយ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Netanyahu បាននិយាយថា លោក Sinwar «បានប្រព្រឹត្តអំពើសម្លាប់រង្គាលដ៏គួរឲ្យតក់ស្លុតបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង គិតចាប់តាំងពីមានមហន្តរាយនៃអំពើសម្លាប់រង្គាលមក»។
លោកបានលើកឡើងថា៖ «មេឃាតករដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលរាប់ពាន់នាក់ និងចាប់ជំរិតពលរដ្ឋរបស់យើងរាប់រយនាក់ ត្រូវបានកម្ចាត់នៅថ្ងៃនេះ ដោយទាហានដែលជាវីរៈបុរសរបស់យើង។ ហើយថ្ងៃនេះ ដូចដែលយើងបានសន្យាថា យើងនឹងធ្វើដូច្នេះ យើងបានរូបគេទទួលផលនូវអ្វីដែលគេបានប្រព្រឹត្ត។ ថ្ងៃនេះ យើងបានផ្ដល់ឲ្យពួកមនុស្សអាក្រក់នូវការបាត់បង់យ៉ាងធំធេង ប៉ុន្តែកិច្ចការ នៅចំពោះមុខយើង មិនទាន់បានបញ្ចប់នៅឡើយទេ»។
លោក Netanyahu បានបញ្ជាក់បន្ថែមថា សង្រ្គាមនៅឆ្ងាយណាស់ពីទីអវសាន ទោះបីជាលោកទទួលស្គាល់ថា វាជារឿងពិបាក ហើយវាទាមទារឲ្យប្រទេសរបស់លោកលះបង់យ៉ាងធំធេងក៏ដោយ។
គួរបញ្ជាក់ថា យោធាអ៊ីស្រាអែលបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែតុលា)ថា លោក Sinwar ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការមួយ នៅតំបន់ហ្កាហ្សា រួមជាមួយពួកសកម្មប្រយុទ្ធ ២នាក់ផ្សេងទៀត៕