រដ្ឋមន្ត្រីមហាផ្ទៃលោក Diosdado Cabello កាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែតុលា) បាននិយាយថា ប្រទេសវេណេហ្ស៊ុយអេឡា បានឃុំខ្លួនជនជាតិអាមេរិក ៣នាក់ និងមនុស្ស ២នាក់ផ្សេងទៀត ជុំវិញការចោទប្រកាន់ ពាក់ព័ន្ធនឹងសកម្មភាពភេរវករ។
រដ្ឋាភិបាលរបស់ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានចោទប្រកាន់សមាជិកបក្សប្រឆាំង និងអ្នកជាប់ឃុំបរទេសជាប្រចាំថា បានឃុបឃិតជាមួយអង្គភាពរបស់សហរដ្ឋអាមេរិក ដូចជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) ដើម្បីរៀបចំផែនការវាយប្រហារភេរវកម្ម។
វេណេស៊ុយអេឡាបានដោះលែងអ្នកទោសរាប់សិបនាក់ ក្នុងនោះរួមទាំងជនជាតិអាមេរិក ១០នាក់ផងដែរ នៅក្នុងខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីមានការចរចាជាច្រើនខែ រវាងទីក្រុង Caracas និងវ៉ាស៊ីនតោន។ ជាថ្នូរមកវិញ សហរដ្ឋអាមេរិកបានដោះលែងលោក Alex Saab អ្នកជំនួញជនជាតិកូឡុំប៊ី និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Maduro។
បញ្ជីឈ្មោះអ្នកជាប់ឃុំថ្មីដែលរួមបញ្ចូលទាំងជនជាតិបូលីវីម្នាក់ និងជនជាតិប៉េរូម្នាក់ផងដែរនោះ នាំឲ្យចំនួនអ្នកជាប់ឃុំជនបរទេស នៅវេណេហ៊្សុយអេឡាកើនដល់យ៉ាងហោចណាស់ ១២នាក់។ ហើយលោក Cabello បាននិយាយតាមទូរទស្សន៍រដ្ឋថា៖ «ជនបរទេសដែលត្រូវបានឃុំខ្លួន និយាយភាសាអេស្ប៉ាញយ៉ាងល្អឥតខ្ចោះ ដែលជាតម្រូវការចាំបាច់ ដើម្បីឲ្យពួកគេអាចចូលរួមនៅក្នុងសហគមន៍»៕