មនុស្សគ្រោះថ្នាក់ ត្រូវបានគេដឹកមកកាន់មន្ទីរពេទ្យ Basptisស្ថិតក្នុងទីក្រុងហ្កាហ្សា នាថ្ងៃសុក្រនេះ បន្ទាប់ពីការផ្លោងគ្រាប់កាំភ្លើងធំរបស់អ៊ីស្រាអែលលើតំបន់ជាយក្រុង Zeitoun និង Sabra ។
មេដឹកនាំក្រុមហាម៉ាស់លោក Yahya Sinwar ដែលជាមេខ្លោងនៅពីក្រោយការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បង្កឲ្យកើតមានសង្រ្គាមហ្កាហ្សានោះ ត្រូវបានសម្លាប់អំឡុងប្រតិបត្តិការរបស់ទាហានអ៊ីស្រាអែលនៅដែនដីបិទច្រកប៉ាឡេស្ទីនមួយនេះ កាលពីថ្ងៃពុធ ។
លោក Abu Ismail Ishtawi គឺជាពលរដ្ឋហ្កាហ្សាមួយរូប និយាយថា នៅថ្ងៃនេះ ការវាយប្រហារតាមច្រកអាកាស និងការកំណត់គោលដៅ បានកើតឡើងលើផ្ទះរបស់ពួកយើង ។ ពួកយើងមិនដឹងនោះទេថាតើពួកគេចង់បានអ្វីទៀត ។
លោកបន្តថា ពួកគេបានសម្លាប់មេដឹកនាំក្រុមហាម៉ាស់លោក Yahya Sinwar ក៏ដូចជាលោក Ismail Haniyeh រួចអស់ហើយ គ្មាននរណាម្នាក់សេសសល់ទៀតទេ មានតែកម្មករប៉ុណ្ណោះដែលនៅសល់ក្នុងតំបន់ហ្កាហ្សា ពួកយើងលែងមាននរណាម្នាក់ដែលនៅតស៊ូទៀតទេ ។
ប្រជាពលរដ្ឋនិយាយថា កងកម្លាំងអ៊ីស្រាអែល បានរាំងខ្ទប់ទីក្រុង Beit Hanoun, Jabalia និងទីក្រុង Beit Lahiya មិនអនុញ្ញាតឲ្យនរណាម្នាក់ចាកចេញនោះឡើយ លើកលែងតែគ្រួសារស្ថិតក្រោមបញ្ជាឲ្យជម្លៀស ទើបអាចចាកចេញពីទីក្រុងទាំង ៣នេះបាន ៕


