បាល់ទាត់៖ ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់បានក្លាយជាក្រុមទី១ នៃវគ្គជំរុះដែលធានាកៅអីនៅ World Cup ២០២២ កាតាបន្ទាប់ពីជ័យជំនះលើក្រុមម៉ាសេដ្វាន់ខាងជើងយប់មិញ ៤-០។ ៤គ្រាប់របស់អាល្លឺម៉ង់ត្រូវរង់ចាំដើមវគ្គទី២ ទើបអាចរកគ្រាប់បាល់នាំមុខនៅនាទីទី៥០ ដោយខ្សែប្រយុទ្ធ Chelsea, Kai Havertz មុនពេលដែលមិត្តរួមក្រុមរបស់គេ Timo Werner រកបានពីរគ្រាប់ផ្ទួនៗនៅនាទីទី៧០ និង ៧៣។

អតីតកីឡាករយុវជនរបស់អង់គ្លេស Jamal Musiala ក៏រកបានគ្រាប់ចុងក្រោយនៅនាទីទី៨៣ ឱ្យអាល្លឺម៉ង់យកឈ្នះម្ចាស់ផ្ទះម៉ាសេដ្វាន់ខាងជើង ៤-០។ ជ័យជំនះនេះធ្វើឱ្យក្រុមរបស់លោក Hansi Flick មានដល់ទៅ ២១ពិន្ទុពីការប្រកួត ៨លើកពោលគឺដាច់ក្រុមលេខ២ រ៉ូម៉ានីដល់ទៅ ៨ពិន្ទុ។ ក្រុមជើងឯកពិភពលោក ៤សម័យអាល្លឺម៉ង់បានធានាកៅអីនៅវគ្គចែកពូល World Cup ជាលើក២០ មានតែប្រេស៊ីលទេដែលមានមុខច្រើនលើកជាងគេ ២១លើក។ ប្រកួតបន្ទាប់របស់អាល្លឺម៉ង់ត្រូវជួបជាមួយលិចតិស្តាញ និងអាមេនីនៅខែក្រោយ។ នៅក្នុងពូលនេះដែរលទ្ធផលផ្សេងទៀត រ៉ូម៉ានីយកឈ្នះអាមេនី ១-០ និងអ៊ីស្លង់យកឈ្នះលិចតិស្តាញ ៤-០៕
អត្ថបទ៖នាង សុភាវុធ