ក្រុមអាជ្ញាធរគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ៧៣នាក់ រួមទាំងស្រ្តី និងកុមារផងដែរ នៅទីក្រុង Beit Lahia ភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប ។
ក្រុមមន្រ្តីនិយាយថា មនុស្សរាប់សិបនាក់ផ្សេងទៀត បានរងរងរបួស ហើយនិងអាចជាប់នៅក្រោមកម្ទេចកម្ទី ក្រោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ។
អ៊ីស្រាអែល និយាយថា ពួកគេកំពុងពិនិត្យផ្ទៀងផ្ទាត់សេចក្តីរាយការណ៍នៃគ្រោះថ្នាក់ ប៉ុន្តែពួកគេនិយាយថា តួលេខចុះផ្សាយដោយក្រុមហាម៉ាស់ គឺបំផ្លើសពីការពិត ហើយវាមិនផ្គូផ្គងនឹងព័ត៌មានចេញដោយយោធារបស់ពួកគេនោះឡើយ ។
ការវាយប្រហារចុងក្រោយនេះ បានកើតមានឡើងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយសេចក្តីរាយការណ៍ពីការផ្ទុះអាវុធដ៏ខ្លាំងក្លាពីទាហានអ៊ីស្រាអែល នៅមន្ទីឥណ្ឌូនេស៊ី ស្ថិតក្នុងទីក្រុង Beit Lahia ។
ក្រុមមន្រ្តីសុខភាពហ្កាហ្សា និយាយថា កិច្ចខិតខំជួយសង្រ្គោះនៅក្នុងទីក្រុង Beit Lahia បច្ចុប្បន្នរងការអាក់ខានដោយសារការទំនាក់ទំនង និងសេវាអ៊ីនធឺណិត រងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ ។
ការិយាល័យព័ត៌មានរដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយថា ការទម្លាក់គ្រាប់បែកនេះ ត្រូវចំកន្លែងមានមនុស្សរស់នៅច្រើនកុះករ ហើយមនុស្ស ៧៣នាក់ ត្រូវបានសម្លាប់ ៕



