ប្រជាជនគុយបា បានសម្តែងការខឹងសម្បារ និងខកចិត្តចំពោះអាជ្ញាធរកាលពីថ្ងៃអាទិត្យ (២០ តុលា) ខណៈមនុស្សរាប់លាននាក់បានបន្តរងផលប៉ះពាល់ជាមួយនឹងការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសក្នុងថ្ងៃទី៣ ដោយអ្នកស្រុកនៅប្រទេសកោះមួយនេះកំពុងខ្វះខាតប្រាក់កាក់សម្រាប់បណ្ដាញថាមពលបណ្ដោះអាសន្ន ម្ហូបអាហារត្រូវជូរប្អូមដោយសារទូរទឹកកកមិនមានអគ្គិសនី និងពុំមានទឹកប្រើប្រាស់។

ពលរដ្ឋគុយបា ដែលគ្រប់គ្រងដោយកុម្មុយនិស្ត បានស៊ាំនឹងការឧស្សាហ៍ដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់បែបនេះរួចមកហើយ ប៉ុន្តែអ្នកស្រុកមួយចំនួននៅតែមិនពេញចិត្តនឹងស្ថានការណ៍បែបនេះ ហើយបានចោទសួរថា តើអាជ្ញាធរបណ្ដោយឱ្យបណ្ដាញថាមពលទាំងមូលត្រូវកាត់ផ្ដាច់បែបនេះដោយរបៀបណា។

យោងតាមប្រធានផ្នែកផ្គត់ផ្គង់អគ្គិសនីនៅក្រសួងថាមពល លោក ឡាហ្សារ៉ូ ហ្គែរ៉ា (Lazaro Guerra) បានឱ្យដឹងថា បណ្តាញអគ្គិសនីបានដាច់តាំងតែពីថ្ងៃសុក្រសប្ដាហ៍មុនមក ដោយសារតែការបិទដែលមិនរំពឹងទុកនៃរោងចក្រថាមពលដើរដោយធ្យូងថ្មដ៏ធំបំផុតទាំងប្រាំបីរបស់ប្រទេស។

ក្រុមការងារបាននឹងកំពុងប្រតិបត្តិការដើម្បីស្តារថាមពលឡើងវិញ ប៉ុន្តែខណៈពេលដែលអ្នកស្រុកមួយចំនួនមានថាមពលប្រើប្រាស់វិញ ការដាច់ចរន្តនៅតែបន្តកើតមានស្ទើតែទូទាំងប្រទេសទាំងមូលកាលពីថ្ងៃអាទិត្យ នេះបើយោងតាមក្រុមមន្ត្រី។ គុយបា បាននឹងកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ៣០ឆ្នាំ ដោយប្រឈមមុខនឹងអតិផរណាដ៏ខ្ពស់ និងកង្វះស្បៀងអាហារ ឱសថ ប្រេងឥន្ធនៈ និងទឹក បូករួមទាំងការដាច់ចរន្តអគ្គិសនីញឹកញាប់កាន់តែខ្លាំងឡើង៕