បណ្ដាក្រុមហ៊ុនធំៗនៅអឺរ៉ុបបន្តការបញ្ឈប់ការងារបុគ្គលិកនៅឆមាសទីពីរនៃឆ្នាំ២០២៤នេះព្រោះតែទស្សនវិស័យសេដ្ឋកិច្ចនៅទ្រឹង។ប្លុកនេះស្វែងរកការកាត់បន្ថយថ្លៃកម្លាំងពលកម្មស្របពេលឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន លើសេដ្ឋកិច្ច បញ្ហារចនាសម្ព័ន្ធក្នុងប្រទេសអាល្លឺម៉ង់ និងការធ្លាក់ចុះតម្រូវការអ្នកប្រើប្រាស់ ដោយសារគោលនយោបាយរូបិយវត្ថុតឹងតែង។ \
អតិផរណា គឺខ្ពស់ជាងកម្រិតមុនការឆ្លងជំងឺរាតត្បាតសាកលនៅអឺរ៉ុបទៅទៀត ហើយបានកាត់បន្ថយលទ្ធភាពទិញទំនិញរបស់គ្រួសារ ដោយសារតែកំណើនអត្រាការប្រាក់ដើម្បីទប់ទល់នឹងសម្ពាធអតិផរណា បាននាំឱ្យមានការកើនឡើងនូវការចំណាយប្រាក់កម្ចីសម្រាប់ក្រុមហ៊ុន។

ការធ្លាក់ចុះនៃការលក់ និងប្រាក់ចំណេញរបស់ក្រុមហ៊ុននានានៅអឺរ៉ុបជាច្រើន ក៏ដូចជាការធ្លាក់ចុះសេដ្ឋកិច្ចគឺជាកត្តាជំរុញដ៏សំខាន់សម្រាប់ការបន្តការបញ្ឈប់ការងារ។ការបញ្ឈប់ការងារមានវិសាលភាពនៅស្ទើរតែទូទាំងគ្រប់វិស័យ ប៉ុន្តែការងារភាគច្រើនត្រូវបានប្រមូលផ្តុំនៅក្នុងវិស័យរថយន្ត វិស្វកម្ម ធនាគារ បច្ចេកវិទ្យា ប្រេង និងឱសថ ដោយគ្មានសញ្ញានៃការថយចុះនោះទេ។

ការបញ្ឈប់ការងារថ្មីៗបំផុតបានកើតឡើងនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Airbus មានមូលដ្ឋាននៅប្រទេសបារាំង ដែលបានសម្រេចចិត្តកាត់តំណែងការងាររហូតដល់ទៅ ២.៥០០ កន្លែងក្នុងវិស័យការពារជាតិ និងផ្នែកអវកាសនៅពាក់កណ្តាលឆ្នាំ ២០២៦ខាងមុខ។
ប្រតិបត្តិករផ្លូវដែកអាល្លឺម៉ង់ ឌុយ ឆេបាន (Deutsche Bahn) បានប្រកាសថា ខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន៣០.០០០នាក់នៅក្នុងខែកក្កដា ស្មើនឹង ៩% នៃការងារសរុបរបស់ខ្លួន ខណៈ ប្រតិបត្តិករទូរគមនាគមន៍ស៊ុយអែត តេលីយ៉ា (Telia) បាននិយាយថា ខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន ៣.០០០នាក់ នៅឆ្នាំនេះ។
របាយការណ៍អន្តរជាតិបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាហ្វាំងឡង់ Nokia គ្រោងនឹងបញ្ឈប់បុគ្គលិកចំនួន ៣៥០ នាក់នៅអឺរ៉ុប និង២.០០០នាក់នៅក្នុងប្រទេសចិន៕