ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្ស៊កដានី បានចេញការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាភាគខាងជើង ដោយហៅការវាយលុកដែលកំពុងបន្តនេះថា «អមនុស្សធម៌» និងជា «ឧក្រិដ្ឋកម្មសង្គ្រាម»។

លោក អេម៉ែន សាហ្វាឌី (Ayman Safadi) បានចូលគណនី X ផ្លូវការរបស់លោក កាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីថ្កោលទោសសកម្មភាពរបស់រដ្ឋាភិបាលអ៊ីស្រាអែល និងជំរុញឲ្យមានអន្តរាគមន៍ជាបន្ទាន់ពីអន្តរជាតិ។
លោកបានសរសេរថា៖«ភាពភ័យរន្ធត់របស់អ៊ីស្រាអែល កំពុងបង្កឲ្យមានឡើងចំពោះប្រជាជនទំាងអស់នៃ តំបន់ហ្កាហ្សាភាគខាងជើង ជាអំពើអមនុស្សធម៌» ដោយបន្ថែមថា ការវាយលុកនេះ គឺជា«អំពើអាក្រក់បំផុត និងជាឧក្រិដ្ឋកម្មសង្គ្រាមដែលមនុស្សជាតិ មិនគួរអត់ឱនទេ»។ការអត្ថាធិប្បាយរបស់លោក សាហ្វាឌី បានកើតឡើង ខណៈចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សា បន្តកើនឡើង។

ចាប់តាំងពីយោធាអ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំរបស់ខ្លួន បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីដើមខែតុលា ឆ្នាំមុនមក ប្រជាជនប៉ាឡេស្ទីនជាង ៤២.២០០នាក់ ត្រូវបានសម្លាប់។ នេះបើយោងតាមមន្ត្រីសុខាភិបាល នៅក្នុងដែនដីនេះ។