ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ ( Bashar al-Assad) បានជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្សកដានី លោក អេម៉ែន សាហ្វាឌី (Ayman Safadi) ដែលកំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានីដាម៉ាស ( Damascus) របស់ប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើន ដោយផ្តោតជាចម្បងលើការសម្រួលដល់ការវិលត្រឡប់របស់ជនភៀសខ្លួនស៊ីរី។

លោក អាសាដ បានសង្កត់ធ្ងន់ថា ការវិលត្រឡប់ប្រកបដោយសុវត្ថិភាពរបស់ជនភៀសខ្លួនស៊ីរី នៅតែជាអាទិភាពចម្បងសម្រាប់រដ្ឋាភិបាលស៊ីរី ដោយកត់សម្គាល់ថា មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការបង្កើតបរិយាកាសច្បាប់ និងនីតិប្បញ្ញត្តិចាំបាច់ ដើម្បីសម្រួលដល់ការវិលត្រឡប់របស់ពួកគេ។

យោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ហ្ស៊កដានី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយវិបត្តិស៊ីរី ដែលបានទទួលជនភៀសខ្លួនខ្ពស់បំផុតទី២របស់ពិភពលោក។ ជនភៀសខ្លួនប្រហែល ៧៣០.000 នាក់ ត្រូវបានចុះឈ្មោះជាមួយ UNHCR ដែលភាគច្រើនមកពីប្រទេសស៊ីរី។
ចំណែកលោក សាហ្វាឌី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ហ្ស៊កដានីក្នុងការគាំទ្រការវិលត្រឡប់របស់ជនភៀសខ្លួនស៊ីរី ដោយសង្កត់ធ្ងន់ថា ប្រទេសរបស់លោក កំពុងធ្វើការ ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។
លោកក៏បានសម្តែងនូវការគាំទ្ររបស់ហ្ស៊កដានីសម្រាប់ស្ថិរភាព និងការស្តារឡើងវិញ នៅក្នុងប្រទេសស៊ីរី ដែលលោកបាននិយាយថា គឺជាផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់តំបន់ដ៏ធំនេះ។
លោក សាហ្វាឌី ក៏បានជួបពិភាក្សាជាមួយសមភាគីស៊ីរី លោក បាសសំ សាបបាក (Bassam Sabbagh) ស្តីពីការដោះស្រាយវិបត្តិស៊ីរី ការដោះស្រាយស្ថានភាពជនភៀសខ្លួន និងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។