បាល់ទាត់៖ ខ្សែបម្រើសញ្ជាតិអង់គ្លេស Alex Oxlade-Chamberlain ទំនងជាអាចនឹងចាកចេញពី Liverpool នៅខែមករាខាងមុខនេះដើម្បីមានឱកាសលេងច្រើន។ កីឡាករវ័យ ២៨ឆ្នាំរូបនេះបង្ហាញខ្លួនបានតែមួយប្រកួតប៉ុណ្ណោះនៅ English Premier League រដូវកាលនេះ។

ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេដឹងថា មានចំណាប់អារម្មណ៍ក្នុងការនាំយកអតីតកីឡាកររបស់ខ្លួនត្រលប់មកវិញ។ Alex Oxlade-Chamberlain ធ្លាប់បានចំណាយពេល ៦ឆ្នាំជាមួយ Arsenal មុនពេលចាកចេញមកកាន់ Liverpool នៅឆ្នាំ២០១៧។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Mirror ថា Arsenal នឹងនាំយក Chamberlain ក្នុងកិច្ចសន្យាខ្ចីរយៈពេល ៦ខែមុនទិញផ្តាច់នៅដំណាច់រដូវកាលនេះ។ របួសបានធ្វើឱ្យរយៈពេលលេងរបស់ Chamberlain មានកំរិតនៅ Liverpool តែគេក៏ស្ថិតក្នុងបញ្ជីកីឡាកររបស់ក្លិបដែលឈ្នះជើងឯក Premier League និង Champions League កន្លងមកដែរ។ រំលឹកថា តាំងពីមកដល់ Liverpool នៅឆ្នាំ២០១៧ Alex Oxlade-Chamberlain បង្ហាញខ្លួនសរុប ៧៩លើករកបាន ៨គ្រាប់៕
អត្ថបទ៖នាង សុភាវុធ