ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានអំពាវនាវដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី ឱ្យជួយសង្គ្រោះទូកដែលមានសភាពចាស់ទ្រុឌទ្រោមធ្វើដំណើរនៅក្បែរឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ដែលផ្ទុកដោយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១០០ នាក់ រួមទាំងស្ត្រី និងកុមារផងដែរ។

ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើនត្រូវបានរងការធ្វើទុកបុកម្នេញយ៉ាងខ្លាំងនៅសហភាពមីយ៉ាន់ម៉ា ហើយរាប់ពាន់នាក់បានប្រថុយជីវិតរបស់ពួកគេជារៀងរាល់ឆ្នាំក្នុងការធ្វើដំណើរតាមសមុទ្រដ៏វែងឆ្ងាយ និងគ្រោះថ្នាក់ដើម្បីព្យាយាមទៅដល់ប្រទេសម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី។

ទូកដែលត្រូវបានគេជឿថាផ្ទុកជនភៀសខ្លួនជាង ១០០នាក់ ត្រូវបានបោះយុថ្កានៅចម្ងាយប្រហែល ៦ គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃខេត្ត អាឆេ (Aceh) ភាគខាងលិចផុតរបស់ប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែកាលពីថ្ងៃចន្ទទូកសង្គ្រោះបានទាញចេញទៅក្នុងចម្ងាយ ១,៦គីឡូម៉ែត្រ។

លោក ហ្វៃសាល់ រ៉ាម៉ាន់ (Faisal Rahman) ក្រុមការងារផ្នែកគាំពាររបស់អង្គការ UNHCR ប្រចាំប្រទេសឥណ្ឌូនេស៊ី បាននិយាយថា អង្គការ UNHCR អំពាវនាវជាបន្ទាន់ទៅអាជ្ញាធរឱ្យធានាការជួយសង្គ្រោះនៅសមុទ្រ និងការចុះពីទូកដោយសុវត្ថិភាពសម្រាប់ក្រុមដែលអស់សង្ឃឹមនេះ។
លោក រ៉ាម៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទថា អង្គការ UNHCR និងដៃគូត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ និងផ្តល់ជំនួយដែលត្រូវចាំបាច់ជាច្រើនសម្រាប់ជនងាយរងគ្រោះទាំងនេះ៕