UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទបានរិះគន់ពួកតាលីបង់ដែលមិនគោរពពាក្យសន្យាចំពោះស្ត្រី និងក្មេងស្រីអាហ្វហ្គានីស្ថាន ហើយបានជំរុញឱ្យពិភពលោកបរិច្ចាគថវិកាបន្ថែមទៀតដល់អាហ្វហ្គានីស្ថាន ដើម្បីទប់ទល់នឹងការដួលរលំសេដ្ឋកិច្ចរបស់ខ្លួន។

យោងតាមក្រសួងការបរទេសអាមេរិក ការអត្ថាធិប្បាយនេះមានឡើងបន្ទាប់ពីការពិភាក្សាទល់មុខគ្នាលើកដំបូងរវាងសហរដ្ឋអាមេរិក និងក្រុមតាលីបង់ ចាប់តាំងពីក្រុមអ៊ីស្លាមនិយមមួយនេះបានគ្រប់គ្រងប្រទេស ដែលបញ្ហារឹតត្បិតសិទ្ធិស្ត្រីត្រូវបានកើនឡើង។ លោក Guterres បានប្រាប់អ្នកយកព័ត៌មានថា ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានឃើញការសន្យាដែលបានធ្វើឡើងចំពោះស្ត្រី និងក្មេងស្រីអាហ្វហ្គានីស្ថានត្រូវពួកតាលីបង់រំលោភបំពាន។ ខ្ញុំសូមអំពាវនាវយ៉ាងម៉ឺងមាត់ដល់ពួកតាលីបង់ឱ្យរក្សាការសន្យារបស់ពួកគេចំពោះស្ត្រី និងក្មេងស្រី និងបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌។
លោក Guterres បាននិយាយថា អង្គការសហប្រជាជាតិនឹងមិនបោះបង់ចោលបញ្ហានេះទេ ហើយបាននិយាយថា ស្ថាប័ននេះពិភាក្សាគ្នាជារៀងរាល់ថ្ងៃជាមួយក្រុមតាលីបង់ ដែលបានកាន់អំណាចតាំងពីពាក់កណ្ដាលខែសីហា ប៉ុន្តែភាពស្របច្បាប់របស់រដ្ឋាភិបាលនៅតែមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅឡើយរហូតមកដល់ពេលនេះ៕
អត្ថបទ៖ សុខមាន